(ភ្នំពេញ)៖ លោក ហុង សុខឡេង នាយកឥណទានខ្នាតតូច និងមធ្យម នៃធនាគារកាណាឌីយ៉ា ចង់ឲ្យពលរដ្ឋដែលជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ដែលចង់សម្រេចចិត្តខ្ចីលុយ ពីធនាគារដើម្បីយកទៅពង្រីកអាជីវកម្ម គួរតែគត់ត្រានូវចំណូលចំណាយ ឬមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ងាយស្រួលដល់ធនាគារធ្វើការវិនិច្ឆ័យ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក សុខឡេង នៅគ្រាដែលធនាគារកាណាឌីយ៉ា បានទម្លាក់កញ្ចប់ហិរញ្ញប្បទានចំនួន១៥០លានដុល្លារ សម្រាប់គាំទ្រដល់ SME ប៉ុន្តែមាន SME ជាច្រើនចង់បានថវិកាទីពង្រីកអាជីកម្ម តែបែរគ្មានរបាយការណ៍ច្បាស់លាស់ លក់ទំនិញ ឬសេវាកម្មបានយកលុយទុក ដោយគ្មានការកត់ត្រា។
លោកបញ្ជាក់ទៀតថា «ខ្ញុំចង់ផ្ដាំផ្ញើទៅម្ចាស់អាជីវកម្មតូច និងសហគ្រាសខ្នាតតូច និងមធ្យមទាំងអស់ គួរតែមានរបាយការណ៍ហិរញ្ញវត្ថុ ដែលជាឧបករណ៍មួយ ក្នុងការកំណត់ត្រាអាជីវកម្ម។ របាយការណ៍ហិរញ្ញវត្ថុនេះគឺ ចាំបាច់បំផុត ដើម្បីឲ្យពួកគេស្វែងយល់ ពីអាជីវកម្មរបស់ខ្លួនថា តើមានការកើនឡើង-ថយចុះ និងកំណត់ហេតុត្រឹមត្រូវ ដូច្នេះដើម្បីឲ្យអាជីវកម្ម និងផលិតផលរបស់ខ្មែរឈានជើងចូលទីផ្សារអន្ដរជាតិបាន លុះត្រាតែមានរបាយការណ៍ហិរញ្ញវត្ថុនេះជាចាំបាច់ និងច្បាស់លាស់»។
លោកបន្ដថា កន្លងមកវិស័យហិរញ្ញវត្ថុធនាគារ ក៏ដូចជាអាជីវកម្មខ្នាតតូច និងមធ្យមមានជាង២០ម៉ឺន ប៉ុន្ដែចំនួនដែលអាចមានទំនាក់ទំនងជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ ដែលជាធនាគារនៅមានចំនួនតិចតួចនៅឡើយ ដោយសារពួកគាត់មានឧបសគ្គមួយគឺ អត់មានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ដូច្នេះពួកគាត់គួរចាប់ផ្ដើមមានរបាយការណ៍ហិរញ្ញវត្ថុកំណត់ត្រា ចាប់ពីពេលនេះតទៅ៕