(ភ្នំពេញ)៖ អបអរសាទរ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្នុងការបានទទួលពានរង្វាន់នៃការវាយតម្លៃគុណភាពអប់រំ មានឈ្មោះហៅថា SHARE Institutional Assessment របស់គម្រោង EU-SHARE ដែលឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ខ្លួន «PPIU ជាសាកលវិទ្យាល័យ អនុលោមតាមស្តង់ដាជាតិ តំបន់ (សហគមន៍អាស៊ាន) និងអន្តរជាតិ» ។
SHARE ជាគម្រោងមួយរបស់សហគមន៍អ៊ឺរ៉ុប(EU) ដែលគ្រាំទ្រដល់ការអប់រំឧត្តមសិក្សានៅក្នុងតំបន់ (សហគមន៍អាស៊ាន) នឹងមានគោលបំណងសំខាន់ ក្នុងការជំរុញឱ្យមានសុខដុមនីយកម្មវិស័យអប់រំឧត្តមសិក្សា ក្នុងតំបន់ ដោយមានការចូលរួមពីអ្នកជំនាញផ្នែកគុណភាពអប់រំឧត្តមសិក្សា មកពីសហគមន៍អ៊ឺរ៉ុប។
គម្រោងរបស់ SHARE ដែលបានដំណើរការតាំងពីឆ្នាំ២០១៥មក មានគោលដៅសំខាន់ គឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើកកម្ពស់គុណភាពអប់រំ ការប្រកួតប្រជែង និងអន្តរជាតិតូបនីយកម្មឧត្តមសិក្សា និងនិស្សិតនៅសហគមន៍អាស៊ាន។
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាគ្រឹះស្ថានឧត្តមសិក្សារបស់កម្ពុជា និងជាគ្រឹះស្ថានឧត្តមសិក្សាមួយ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា១១ផ្សេងទៀត ក្នុងសហគមន៍អាស៊ាន ដែលត្រូវបានទទួលការវាយតម្លៃ ពីក្រុមអ្នកជំនាញផ្នែកគុណភាពអប់រំឧត្តមសិក្សា មកពីបណ្តាប្រទេសនៅសហគមន៍អ៊ឺរ៉ុប និងអាស៊ាន។ ការវាយតម្លៃនេះ គឺផ្អែកលើស្តង់ដាទាំង១០ នៃផ្នែកទី៣របស់ក្របខណ្ឌគុណវុឌ្ឍអាស៊ាន (AQAF – ASEAN Qualification Assurance Framework) ដែលទាក់ទងនឹងការធានាគុណភាពអប់រំផ្ទៃក្នុង កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ ។
ជាលទ្ធផល PPIU ទទួលបានការប្រកាសជាផ្លូវការថាជា សាកលវិទ្យាល័យដែលមានប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង ដែលឆ្លើយតបទៅនឹងតំរូវការស្តង់ដាធានាគុណភាពអាស៊ាន (AQAF) និងទទួលបានពានរង្វាន់បញ្ជាក់ពីការវាយតម្លៃគុណភាពក្នុងសន្និសីទតំបន់របស់SHARE នៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ៕
PPIU គុណភាព ឧត្តមភាព និងនវានុវត្តន៍!