(ភ្នំពេញ)៖ ក្នុងឱកាសខួប៦០ឆ្នាំនៃចំណងទំនាក់ទំនងការទូតកម្ពុជា-ចិន អ្នកព័ត៌មានកម្ពុជាជាច្រើនរូប រួមទាំងលោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News និងលោក ផូ វី អ្នកអត្ថាធិប្បាយព័ត៌មានប្រចាំទូរទស្សន៍ Nice TV ត្រូវបានរដ្ឋាភិបាលចិន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចរយៈពេល១២ថ្ងៃនៅលើទឹកដីចិន ដើម្បីមើលពីការអភិវឌ្ឍដ៏លឿនលយរបស់ចិន។
បន្ទាប់ពីបានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៧ នៃខេត្តចំនួនពីរ គឺខេត្តក្វាងស៊ី និងជាំងស៊ូ ដែលសុទ្ធសឹងជាខេត្តមានការរីកចម្រើនលូតលាស់យ៉ាងខ្លាំងរបស់ចិន ហើយកំពុងមានទំនាក់ទំនងទាំងនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគយ៉ាងខ្លាំងជាមួយប្រទេសកម្ពុជានោះ បានធ្វើឲ្យអ្នកព័ត៌មានកម្ពុជាទាំងអស់ស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យារបស់ចិននៅក្នុងខេត្តទាំងពីរនេះ។
ដោយសារឆ្នាំ២០១៨ ជាខួប ៦០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ហើយគ្រាដែលប្រធានបទចំណងមិត្តភាព និងការវិនិយោគរបស់ចិននៅកម្ពុជាជាប្រធានបទដ៏ក្តៅគគុក ក្នុងសង្គមកម្ពុជាផងនោះ បានធ្វើឲ្យលោក វ៉ាន់ សារាយ និងលោក ផូ វី លើកយកបញ្ហានេះមកជជែក ចោទសួរ និងឆ្លើយយ៉ាងស្រួចស្រាវ។
ក្នុងកិច្ចសំណេះសំណាលនោះ លោក វ៉ាន់ សារាយ បានលើកឡើងថា ប្រទេសចិន ដែលជាមហាយក្សសេដ្ឋកិច្ចនៅតំបន់អាស៊ី និងជាមហាយក្សសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក កំពុងក្លាយជាព្រះអាទិត្យរះដ៏ចិញ្ចែងចិញ្ចាចលើពិភពផែនដី ហើយក៏អាចក្លាយទៅជាប្រទេសគ្រប់គ្រងសេដ្ឋកិច្ចលើពិភពលោកទាំងមូលក្នុងសករាជថ្មីនេះផងដែរ ក្រោមនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» ដែលជានយោបាយដ៏មុតស្រួចរបស់លោក ហ្ស៊ី ជីនភីង ក្នុងការកសាងបក្ខពួក និងជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ខ្លួន។
ការលើកឡើងរបស់លោក វ៉ាន់ សារាយ ក៏ដោយសារតែតាមរយៈដំណើរទស្សនកិច្ចក្នុងប្រទេសចិនចំនួន៣លើក ធ្វើឲ្យរូបលោកបានមើលឃើញពីការពង្រឹងពង្រីកខ្លួនលើសង្គ្រាមសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏ស្រួចស្រាវរបស់ចិន។ ជាពិសេសចិន មានធនធានពីធម្មជាតិជាច្រើនសម្រាប់ជួយជ្រោងដល់កិច្ចប្រឹងប្រែងរបស់ខ្លួននេះ។
លោក វ៉ាន់ សារាយ បានមើលឃើញថា ភាពរីកចម្រើនរបស់ចិន ជាអំណោយផលដ៏ល្អសម្រាប់កម្ពុជាក្នុងនាមជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចនាពេលបច្ចុប្បន្ននេះ។ សម្រាប់លោក ផូ វី ក៏មើលឃើញដូចគ្នាផងដែរថា សម្ព័ន្ធមិត្តរវាងកម្ពុជា-ចិន នាពេលបច្ចុប្បន្នជារឿងដ៏ល្អសម្រាប់កម្ពុជា ដ្បិតភាពរីកចម្រើនរបស់ចិននាពេលបច្ចុប្បន្ននឹងរុញច្រានកម្ពុជាឲ្យរីកចម្រើនផងដែរ។
ឆ្លើយតបភាពមន្ទិលសង្ស័យ និងក្តីបារម្ភរបស់ប្រជាពលរដ្ឋខ្មែរខ្លាចក្រែងចំណងមិត្តភាពនេះនាំឲ្យខ្មែរធ្លាក់ក្នុងអន្លង់ទុក្ខវេទនាដូចរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នោះ លោក ផូ វី បានលើកបញ្ហាញ និងវែកញែកថា អតីតកាលដែលកម្ពុជាធ្លាក់ក្នុងរបបកាប់សម្លាប់នោះ បណ្តាលមកពីមូលបទនយោបាយរបស់ពិភពលោកជាច្រើន មិនមែនបណ្តាលតែមកពីចំណងមិត្តភាពរវាងកម្ពុជា និងចិននោះទេ។ លោក ផូ វី លើកឡើងទៀតថា បច្ចុប្បន្នប្រទេសជាច្រើនជាពិសេសនៅមជ្ឈិមបូព៌ាដែលមានសម្ព័ន្ធមិត្តជាមួយអាមេរិក ក៏កំពុងផុងខ្លួនក្នុងភ្លើងសង្គ្រាម ក៏ដូចជាទុក្ខវេទនាផងដែរ។ ត្រង់ចំណុចនេះ គឺលោកចង់បង្ហាញថា ទុក្ខវេទនារបស់ខ្មែរពីអតីតកាលមិនមែនបណ្តាលមកពីការមានសម្ព័ន្ធភាព ជាមួយចិន ឬសម្ព័ន្ធភាពជាមួយប្រទេសណាមួយនោះទេ តែវាជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា បញ្ហារបស់តំបន់ និងសាកលលោក រួមគ្នាអូសកម្ពុជាចូលភាពវិនាសសកម្ម។
លោក ផូ វី បានអះអាង និងបង្ហាញការជឿជាក់ថា កម្ពុជាក្នុងសម័យបច្ចុប្បន្ន នឹងមិនរអិលជើងធ្លាក់ក្នុងអន្លង់នៃភាពវេទនាដូចពីអតីតកាលទៀតនោះឡើយ ដ្បិតស្ថានភាពនយោបាយរបស់កម្ពុជា ក៏ដូចជាបញ្ហារបស់ពិភពលោកនាពេលបច្ចុប្បន្នមិនមែនដូចពីអតីតកាលទៀតនោះឡើយ។ កម្ពុជា ក៏ដូចជាពិភពលោក បានគិតគូរពីការកសាងសេដ្ឋកិច្ចជាសំខាន់ មិនផ្តោតលើការធ្វើសង្គ្រាមពង្រីកឥទ្ធិពលដូចពីពេលមុនទៀតនោះឡើយ។
សម្រាប់ការវិនិយោគយ៉ាងគំហុករបស់ចិនមកកាន់កម្ពុជា រហូតធ្វើឲ្យពលរដ្ឋខ្លះព្រួយបារម្ភខ្លាចចិន ក្លាយជាម្ចាស់របស់កម្ពុជាតាមរយៈការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្នេះ ទាំងលោក វ៉ាន់ សារាយ និងលោក ផូ វី សុទ្ធតែបានមើលឃើញថា ជារឿងដ៏ល្អសម្រាប់កម្ពុជា។ អ្នកព័ត៌មានទាំងពីរលើកឡើងថា មិនមែនមានតែកម្ពុជាទេ កំពុងចាប់យកការវិនិយោគរបស់ចិន សមាជិកដទៃទៀតនៃប្រទេសសមាជិកអាស៊ាន ក៏បាននឹងកំពុងប្រឹងប្រែងទាញយកផលចំណេញផ្នែកសេដ្ឋកិច្ចពីការរីកចម្រើនរបស់ចិនផងដែរ។
យោងតាមរបាយការណ៍អគ្គលេខាធិការដ្ឋានពិព័រណ៍អាស៊ាន-ចិន បានបង្ហាញថា ទំហំពាណិជ្ជកម្ម និងការវិនិយោគចិន និងអាស៊ានបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍បង្ហាញថា ទំហំពាណិជ្ជរវាងអាស៊ាន និងចិន បានកើនដល់ប្រមាណ ៤៥២ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០១៦។ ក្រៅពីកំណើននៃការដោះដូរពាណិជ្ជកម្មរវាងតំបន់អាស៊ាន-ចិន សកម្មភាពទេសចរណ៍រវាងតំបន់ទាំងពីរមានការកើនឡើងជាលំដាប់ផងដែរ ដោយភ្ញៀវទេសចរចិន ទៅតំបន់អាស៊ានមានចំនួនជិត ២០លាននាក់ ក្នុងឆ្នាំ២០១៦ ជាមួយកំណើន ៦.៤% បៀបនឹងឆ្នាំ២០១៥។ ចំនួនភ្ញៀវទេសចរចិន បាននៅឈរលំដាប់ទី១ សំរាប់ភ្ញៀវទេសចរអន្តរជាតិ ដែលទៅទស្សនាតំបន់អាស៊ាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះ។
ម្យ៉ាងវិញទៀត ចំនួនភ្ញៀវទេសចរអាស៊ាន ទៅប្រទេសចិនទាំងមូល ក៏មានការកើនឡើងជាលំដាប់ដូចគ្នា ដោយមានចំនួនជាង ១០លាននាក់ ក្នុងឆ្នាំ២០១៦ កើនជាង៥៧.៨% ធៀបនឹងឆ្នាំ២០១៥។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ប៊ីលានដុល្លារអាមេរិក តាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។ ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ដល់ ១,៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៧ និងក្នុងរយៈពេល ៧ខែដើមឆ្នាំ២០១៨នេះបានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិក។
សំអាងលើទិន្នន័យនៃការវិនិយោគ និងទេសចរណ៍នេះ បានបង្ហាញថា កម្ពុជា និងប្រទេសសមាជិកអាស៊ានដទៃទៀត សុទ្ធតែកំពុងប្រជែងគ្នាចាប់យកឱកាស ទាញយកប្រយោជន៍តាមរយៈការរីកចម្រើនរបស់ប្រទេសចិន។
ទន្ទឹមគ្នានេះ លោក វ៉ាន់ សារាយ និងលោក ផូ វី សុទ្ធតែចង់ឃើញប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរឥរិយាបថពីការទោមនស្សចំពោះការវិនិយោគចិននៅកម្ពុជា ផ្លាស់ប្តូរពីការភ័យខ្លាចចិនធ្វើម្ចាស់របស់កម្ពុជាតាមរយៈការវិនិយោគ បែមកប្រឹងប្រែងពង្រឹង អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបង្កើតជាឱកាសទាញយកប្រយោជន៍ពីការវិនិយោគរបស់ចិន ដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួនឲ្យកាន់តែប្រសើរ។
អ្នកព័ត៌មានទាំងពីររូបនេះ បានលើកបង្ហាញថា កាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០ ប្រជាពលរដ្ឋខ្មែរសុទ្ធតែប្រឹងប្រែងរៀនអង់គ្លេស ដើម្បីចាប់យកឱកាសការងារនៅតាមអង្គការសង្គមស៊ីវិលនានា ដែលភាគច្រើនគ្រប់គ្រងដោយជនជាតិលោកខាងលិច។ ដូច្នេះបើយុវវ័យខ្មែរចាប់យកការរៀនសូត្រភាសាចិន ក៏អាចជាការបង្កើតឱកាសការងាររបស់ខ្លួនផងដែរ។
លោក ផូ វី បានលើកឡើងថា ពេលពួកលោកខាងលិចចូលមកកម្ពុជា យើងចេះនាំគ្នាប្រឹងប្រែងរៀនភាសាអង់គ្លេស ដើម្បីចាប់ឱកាសការងារ ចុះហេតុអ្វីត្រូវបដិសេធការរៀនសូត្រភាសាចិន ពេលចិនមករកស៊ីច្រើននៅកម្ពុជា? លោក វី ថា ទោះបីចង់ ឬមិនចង់ យុវវ័យខ្មែរ ពលរដ្ឋខ្មែរ ត្រូវតែទទួលស្គាល់ពីការផ្លាស់ប្តូររបស់ពិភពលោកនាពេលបច្ចុប្បន្ន ហើយត្រូវតែពង្រឹងពង្រីកសមត្ថភាពចាប់យកឱកាសពីការបម្រែបម្រួលមួយនេះ។
លោក វី ថា ប្រសិនបើពលរដ្ឋខ្មែរនៅតែបន្តបដិសេធចំពោះការវិវឌ្ឍន៍របស់ពិភពលោកមួយនេះ គឺពលរដ្ឋខ្មែរ យុវវ័យខ្មែរនៅតែបាត់បង់ឱកាស ឬស្មើនឹងបដិសេធចំពោះការអភិវឌ្ឍលើជីវភាពរបស់ខ្លួនផងដែរ៕