(សៀងហៃ)៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍អន្តរជាតិនាំចូលចិន (China’s International Import Expo) ដែលបានប្រព្រឹតិ្តទៅក្រោមអធិបតីភាព លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីនាយកដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនោះ ប្រធានាធិបតីចិន ស៊ី ជីនពីង បានអះអាងថា ប្រទេសចិន សូមស្វាគមន៍ប្រទេសទាំងអស់ ហើយចិននឹងខិតខំកាត់បន្ថយអត្រាពន្ធគយថែមទៀត ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មឱ្យមានលក្ខណៈកាន់តែល្អប្រសើរ។ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ការនាំចូលផលិតផលពីប្រទេសដៃគូ នឹងកើនឡើងរហូតដល់ ៣០ទ្រីលានដុល្លារអាមេរិក ហើយសេវាកម្ម ក៏នឹងមានការកើនឡើងដល់ ១០ទ្រីលានដុល្លារអាមេរិក។

លោកប្រធានាធិបតីចិន បានអះអាងបន្ថែមទៀតថា គោលជំហររបស់ប្រទេសចិន គឺបន្តការពារនូវបទប្បញ្ញតិអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងគាំទ្ររាល់កំណែទម្រង់របស់អង្គការមួយនេះ ដើម្បីរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការធ្វើពាណិជ្ជកម្មប្រកបដោយស្មើភាព និងតម្លាភាព។

«ប្រទេសចិន គឺជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក និងជាទីផ្សារដ៏ធំដែលមានសក្តានុពលអតិថិជន ១,៣០០លាននាក់ ដូច្នេះចិននឹងពង្រឹងគោលនយោបាយបើកចំហរ ហើយបន្តរៀបចំពិព័រណ៍នាំចូលអន្តរជាតិចិននេះ ឱ្យកាន់តែធំឡើងៗរៀងរាល់ឆ្នាំ»។ លោក ស៊ី ជីនពីង បានគូសបញ្ជាក់។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្តរជាតិចិនឆ្នាំនេះ បានរៀបចំនៅលើផ្ទៃក្រឡា ៣០ម៉ឺនម៉ែត្រការ៉េ ដែលមានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិសរុប ចំនួន១៧២ នៅក្នុងនោះមានក្រុមហ៊ុនសហគ្រាសចំនួន ៣,៦០០ក្រុមហ៊ុន ដែលមានអ្នកបញ្ជាទិញធំៗក្នុងពិភពលោកជាង ៤០ម៉ឺននាក់។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏មានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន១០ និងមានការរៀបចំពន្លាជាតិតាមរចនាបទខ្មែរទំហំ ១៣៦ម៉ែត្រការ៉េ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាតិផងដែរ៕