(សៀមរាប)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានគណៈប្រតិភូជាន់ខ្ពស់ នៃវិស័យមីនរបស់ប្រទេសកូឡុំប៊ី ចំនួន២៣រូប បានអញ្ជើញមកដល់ទឹកដីអង្គរ ដើម្បីទទួលការហ្វឹកហ្វឺនជាមួយអង្គភាពស៊ីម៉ាក់ រយៈពេល២សប្តាហ៍។
លោកបញ្ជាក់ទៀតថា គណៈប្រតិភូនេះរួមមានទីប្រឹក្សាអមប្រធានាធិបតីប្រទេសកូឡំប៊ី និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នពាក់ពន្ធ័មួយចំនួនផងដែរ។ គំរោងនេះគាំទ្ររដ្ឋាភិបាលជប៉ុនតាមរយៈ JICA។ ប្រទេសកូឡុំប៊ី មានសង្គ្រាមស៊ីវិលប្រមាណ៥០ឆ្នាំ និងទើបបានទទួលសន្តិភាពដូចនេះ ត្រូវការបោសសំអាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាបានការអនុវត្តដំណើរការសន្តិភាពឲ្យបានពេញលេញ។
វគ្គហ្វឹកហ្វឺននេះផ្តោតលើប្រធានបទ «ការគ្រប់គ្រងទូទៅ ការធ្វើផែនការ និងការកំណត់អទិភាព ក្នុងការបោសសម្អាតមីន» ដែលរៀបចំនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកងឯកភាពកំចាត់មីនទី២ និងវិទ្យាស្ថានហ្វឹកហ្វឺនសកម្មភាពមីនស៊ីម៉ាក់ (TIMA)។
គួររំលឹកថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ អង្គភាពស៊ីម៉ាក់ (CMAC) ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង កូឡុំប៊ី បានចុះហត្ថលេខារួមគ្នាមួយលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ ស្តីពីការហ្វឹកហ្វឺនជំនាញបោសសម្អាតគ្រាប់មីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រាប់ដំណាក់កាលទី២ ក្រោមការគាំទ្រ និងឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមគម្រោងកិច្ចសហប្រតិបត្តិការត្បូងត្បូង។
ក្នុងកិច្ចព្រមព្រៀងនេះ ស៊ីម៉ាក់ និងផ្តល់ការហ្វឹកហ្វឺនចំនួន៧វគ្គ ជូនសិក្ខាកាមកូឡាំប៊ី ដែលជាកងទ័ព និងមកពីស្ថាប័នពាក់ព័ន្ឋនានា សម្រាប់រយៈពេល៥ឆ្នាំពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដែលមានសិក្ខាកាមសរុប១៥៨នាក់ ដែលផ្តោតលើប្រធានបទចំនួន៧៖
១៖ ជំនាញកំទេចគ្រឿងផ្ទុះកំរិត៣
២៖ ការហ្វឹកហ្វឺនគ្រូបង្គោលសុនខ
៣៖ ការគ្រប់គ្រងទូទៅ ការធ្វើផែនការនិងការកំណត់អទិភាពក្នុងការបោសសម្អាតមីន
៤៖ ការកាត់បន្ថយផ្ទៃដីចម្ការមីន (ការស្រាវជ្រាវដោយបច្ចេកទេស និងមិនបច្ចេកទេស)
៥៖ បណ្តុះបណ្តាលគ្រូបង្គោល ការបោសសម្អាតដោយគ្រឿងចក្រ
៦៖ ការគ្រប់គ្រងគុណភាព និងស្តង់ដា
៧៖ ការគ្រប់គ្រងព៌ត័មាន
វគ្គហ្វឹកហ្វឺនចំនួន២បានបញ្ចប់រួចហើយ ដោយវគ្គទី១ គឺ «ជំនាញកំទេចគ្រឿងផ្ទុះកំរិត៣» ដែលមានរយៈពេល៣សប្តាហ៍ ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅប្រទេសកូឡុំប៊ី និង វគ្គទី២ គឺ«ការហ្វឹកហ្វឺនគ្រូបង្គោលសុនខ» មានរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី០១ ខែមិនា ដល់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដែលសរុបទាំង២វគ្គ មានសិក្ខាកាមសរុបចំនួន៤៣នាក់ បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលវិជ្ជមាន និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីថ្នាក់ដឹកនាំសិក្ខាកាមកូឡុំប៊ី អំពីជំនាញ និងបច្ចេកទេសរបស់មន្ត្រីស៊ីម៉ាក់៕