(ភ្នំពេញ)៖ លោក គង់ គាំ អតីតមេដឹកនាំបក្សប្រឆាំងមួយរូប និងជាមនុស្សជិតស្និទ្ធបំផុតរបស់លោក សម រង្ស៊ី បានចេញមកច្រានចោលសម្តីរបស់លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ការសង្ស័យថារូបលោកជារនុកក្នុង ឬជា CIA របស់គណបក្សប្រជាជនកម្ពុជា។
ការចេញមកច្រានចោលនេះបន្ទាប់ពីនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ លោក សុខ ឥសាន្ត បានសរសេរសារខ្លីមួយនៅបណ្តាញទំនាក់ទំនងសង្គម ដោយបង្ហាញការសង្ស័យថា លោក គង់ គាំ ជារនុកក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
លោក គង់ គាំ បានសរសេរលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ការចោទប្រកាន់បែបនេះ គួរតែជាពាក្យពេចន៍ចេញពីគណបក្សប្រឆាំងមិនមែនចេញពីគណបក្សកាន់អំណាចនោះទេ។ លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំជឿហើយ ឆ្មាដែលធ្លាប់រលាកទឹកក្តៅ វាខ្លាចទាំងទឹកត្រជាក់ផងដែរ។ ដូចគ្នានេះ មនុស្សធ្លាប់ស៊ីស៊ុប ដើម្បីមុខមាត់ បុណ្យសក្តិ និងលាភសក្ការៈខ្លួនឯង តែងស្រមើស្រមៃថាគេក៏ដូចជាខ្លួនដែរ។ ឯកឧត្តម សុខ ឥសាន ក៏ដូចថ្នាក់ដឹកនាំ CPP ជាច្រើន តែងរាប់អានខ្ញុំជាគ្នាគេដដែលដូចធ្លាប់រួមរស់ជាមួយគ្នាពីគ្រាដើម (ខ្ញុំអរគុណ) ប៉ុន្តែការប្រើភាសាថាខ្ញុំជាភ្នាក់ងារសម្ងាត់ CIA របស់ CPP នៅក្នុងគណបក្សប្រឆាំង គួរតែជាពាក្យរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងទេដែលត្រូវហៅខ្ញុំដូចនេះ»។
លោក គង់ គាំ បានលើកឡើងដែរថា កន្លងមកមានមជ្ឈដ្ឋានផ្ទៃក្នុងរបស់គណបក្សប្រឆាំងមួយចំនួនតូច គឺបានសង្ស័យ មមៃគិតថា រូបលោកជាមនុស្សបង្កប់របស់គណបក្សប្រជាជនកម្ពុជា តែមជ្ឈដ្ឋានទូលំទូលាយ ពោលមេដឹកនាំកំពូលរបស់គណបក្សប្រឆាំងមិនដែលមន្ទិលសង្ស័យសៅហ្មងពីរូបលោកម្តងណានោះឡើយ។
លោក គង់ គាំ បានបញ្ជាក់ទៀតថា មេដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បានស្គាល់យ៉ាងច្បាប់អំពីឆន្ទៈរបស់លោក ដែលធ្វើអ្វីៗទៅតាមឧត្តមគតិ សម្បជញ្ញៈ មនសិការបស់លោកផ្ទាល់តែប៉ុណ្ណោះ។
អតីតមេដឹកនាំបក្សប្រឆាំង និងជាមនុស្សស្និទ្ធនឹងលោក សម រង្ស៊ី រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «ទាំងមេដឹកនាំគណបក្សប្រឆាំង (លោក សម រង្ស៊ី) ទាំងមេដឹកនាំ CPP (សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន) សុទ្ធតែទទួលការបញ្ជាក់ជាលាយលក្ខអក្សររបស់ខ្ញុំថា ខ្ញុំជ្រើសយកឧត្តមគតិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានបើកផ្លូវ»។
សូមបញ្ជាក់ថា ពាក់ព័ន្ធការចោទប្រកាន់របស់លោក សុខ ឥសាន្ត នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃម្សិលមិញនេះ ក្នុងបទសម្ភាសន៍ជាមួយ Fresh News ក៏បានចេញមកច្រានចោលការចោទប្រកាន់នេះផងដែរ៕