(ភ្នំពេញ)៖ ក្រុមអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលសល់តែសំបកនោះ បានផ្ទុះសង្គ្រាមសម្តីដាក់គ្នាយ៉ាងស្រួចស្រាវទៀតហើយ។ លោក គង់ បូរ៉ា កូនប្រុសបង្កើតរបស់លោក គង់ គាំ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិមួយរូបដែរនោះ បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងដាក់លោក អេង ឆៃអ៊ាង។
ការប្រតិកម្មរបស់លោក គង់ បូរ៉ា បានកើតមានឡើងបន្ទាប់ពីលោក អេង ឆៃអ៊ាង បានហៅឪពុករបស់លោក គឺលោក គង់ គាំ ថាបានផ្លាស់ប្តូរនយោបាយព្រោះតែប្រយោជន៍របស់ខ្លួន។
លោក អេង ឆៃអ៊ាង ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ដែលជាវិទ្យុបម្រើប្រយោជន៍បរទេសបំផ្លាញជាតិខ្មែរនោះ បានលើកឡើងថា លោក គង់ គាំ ដែលជាមនុស្សស្និទ្ធ និងបានប្រគៀកស្មាលើសមរភូមិនយោបាយយ៉ាងស្វិតស្វាញជាមួយលោក សម រង្ស៊ី នោះ បានផ្លាស់ប្តូរជំហរនយោបាយ ដើម្បីប្រយោជន៍របស់ខ្លួន។
លោក អេង ឆៃអ៊ាង អតីតអនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានប្រាប់វិទ្យុបម្រើមហិច្ឆតាបរទេសព្រោះតែប្រយោជន៍ខ្លួននោះថា «គ្មានអ្វីចម្លែកទេ សម្រាប់អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង ដែលប្ដូរជំហររបស់ខ្លួន ទៅគាំទ្រលោក ហ៊ុន សែន នោះ ព្រោះថា មន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនចាំឆក់ឱកាស និងផ្លាស់ប្ដូរជំហររបស់ខ្លួន ដើម្បីបុណ្យស័ក្ដិអំណាច និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាជាងគិតអំពីផលប្រយោជន៍ជាតិជាធំ»។
សម្តីរបស់លោក អេង ឆៃអ៊ាង ប្រៀបដូចជាភ្លើងចាក់លើដើមទ្រូងកូនៗរបស់លោក គង់ គាំ នាំឲ្យពួកគេសម្តែងការខឹងសម្បាខ្លាំង ហើយវាយបកទៅលោក អេង ឆៃអ៊ាង មិនសំចៃមាត់នោះឡើយ។ លោក គង់ បូរ៉ា បានផ្តាំទៅលោក អេង ឆៃអ៊ាង ឲ្យលាងគូថខ្លួនឯងឲ្យជ្រះសិនទៅមុននិយាយដល់ឪពុករបស់លោក។
លោក គង់ បូរ៉ា បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា «សូមលោកអនុប្រធានអតីត CNRP លាងក្តិតខ្លួងឯងឲ្យជ្រះសិន។ ខ្ញុំមិនដឹងថា អនុប្រធានអីទេ មិនទំនងទេ...»។
លោក គង់ មុនីកា ក៏បានដកស្រង់សម្តីឪពុករបស់ខ្លួន គឺលោក គង់ គាំ មកបង្ហោះលើទំព័រ Facebook អមជាមួយរូបលោក អេង ឆៃអ៊ាង ដោយទំនងជាការឌឺដងឲ្យអតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិរូបនេះផងដែរ។
សារដែល គង់ មុនីកា បានបង្ហោះនោះ គឺ «លោក គង់ គាំ៖ ខ្ញុំជឿហើយ ឆ្មាដែលធ្លាប់រលាកទឹកក្តៅ វាខ្លាចទាំងទឹកត្រជាក់ផងដែរ។ ដូចគ្នានេះ មនុស្សធ្លាប់ស៊ីស៊ុប ដើម្បីមុខមាត់ បុណ្យស័ក្តិ និងលាភសក្ការៈខ្លួនឯង តែងស្រមើស្រមៃថាគេក៏ដូចជាខ្លួនដែរ»។
តាមរយៈសង្គ្រាមសម្តីឆ្លើយឆ្លងរបស់ក្រុមមនុស្សរស់ក្រោមទ្រនំតែមួយនេះ បានបង្ហាញថា ផ្ទៃក្នុងរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលសល់តែសំបកនេះ កំពុងតែបែកបាក់ធ្លុះធ្លាយគ្មានសល់អ្វីទៀតនោះឡើយ៕