(ចិន)៖ រដ្ឋាភិបាលចិន បានដំឡើងកម្រិតអប្បបរមា នៃរបបសន្តិសុខសង្គមថ្នាក់ជាតិ ស្របពេលដែលរដ្ឋាភិបាល កំពុងបន្តខិតខំបង្កើនស្តង់ដារជីវភាពរស់នៅរបស់ប្រជាជន ទូទាំងប្រទេស។ នេះបើយោងតាមក្រសួងកិច្ចការស៊ីវិលចិន។
គិតត្រឹមដំណាច់ខែកញ្ញា តំបន់ទីប្រជុំជននិងទីជនបទទូទាំងប្រទេសចិន មានប្រជាពលរដ្ឋជាង៤៦លាននាក់ ដែលមានប្រាក់ចំនូលទាប។ ក្នុងនោះ គ្រួសារដែលក្របំផុតនៅតាមទីប្រជុំជន ទទួលបានរបបសន្តិសុខសង្គមចំនួន៥២ដុល្លារក្នុងមួយខែ ចំណែកឯគ្រួសារដែលក្របំផុត នៅតាមទីជនបទវិញ ទទួលបានរបបនេះចំនួន៦៨២ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ក្រសួងដដែលបានឱ្យដឹងថា ប្រទេសចិនមានប្រជាជនដែលកំពុងមានជីវភាពក្រីក្រខ្លាំង មានចំនួនជិត៥លាននាក់ ហើយរដ្ឋាភិបាលកណ្តាល បានចំណាយប្រាក់អស់៣,៤០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ពលរដ្ឋទាំងនេះ ដោយគិតចាប់ពីចន្លោះខែមករា ដល់កញ្ញា ឆ្នាំ២០១៨ ពោលគឺកើនឡើង២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ពលរដ្ឋសរុបចំនួន១,៨៨៨លាននាក់ បានចុះឈ្មោះសុំជំនួយនិងជំនួយផ្នែកថវិកា។ ក្នុងនោះ មាន៩២៨លាននាក់ បានឆ្លងផុតបន្ទាត់ជនក្រីក្រជាផ្លូវការ។ នេះបើយោងតាមរដ្ឋាភិបាលចិន។
លោក ចាង វ័យស៊ីង អ្នកនាំពាក្យ ក្រសួងកិច្ចការស៊ីវិលចិន ថ្លែងថា «ក្រសួងកិច្ចការស៊ីវិល នឹងចង្អុលបង្ហាញផ្លូវ ដល់រដ្ឋាភិបាលថ្នាក់តំបន់ អំពីវិធីធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធផ្តល់ជំនួយថវិកា វិធីចាត់ចែងការងារផ្តល់ជំនួយថវិកានេះ ព្រមទាំងវិធីដោះស្រាយបញ្ហាប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីដែលមានតួនាទីចាត់ចែងការងារផ្តល់ថវិកានេះផងដែរ។ យើងបានណែនាំរដ្ឋាភិបាលថ្នាក់តំបន់ ឱ្យអភិវឌ្ឍស្តង់ដារនៃការគ្រប់គ្រងកញ្ចប់ជំនួយថវិកានេះ ហើយក៏បានណែនាំឱ្យបន្តអនុវត្តប្រព័ន្ធផ្តល់ជំនួយគាំទ្រ ដល់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងនិងធ្វើឱ្យប្រសើរឡើង នូវការផ្តល់ជំនួយជាបណ្តោះអាសន្នផងដែរ»។
បើគិតត្រឹមដំណាច់ខែសីហានេះ មានកុមារជិត៧លាននាក់ ដែលកំពុងរស់នៅជាមួយសាច់ញាតិ នៅតាមភូមិនាទីជនបទ ដោយសារតែឪពុកម្តាយត្រូវទៅធ្វើការនៅតាមទីក្រុង នៅទូទាំងប្រទេស។ ចំនួននេះ បានថយចុះជិត២៣ភាគរយ បើគិតចាប់តាំងពីឆ្នាំ២០១៦មក។ ក្នុងនោះ ខេត្តស៊ីឈាន់ មានកុមារដែលរស់នៅជាមួយសាច់ញាតិ ច្រើនជាងគេបំផុត ពោលគឺចំនួន៧៦៥,០០០នាក់ ហើយ៩៦ភាគរយនៃកុមារទាំងនេះ រស់នៅជាមួយតាយាយ។
អ្នកស្រី នី ឈុនសៀរ អនុប្រធាន មន្ទីរកិច្ចការសង្គម នៃក្រសួងកិច្ចការស៊ីវិលចិន ថ្លែងថា «បើយោងតាមគោលនយោបាយរបស់រដ្ឋាភិបាលកណ្តាលចិន រដ្ឋាភិបាលថ្នាក់តំបន់បានចាត់វិធានការ ដើម្បីលើកទឹកចិត្តឱ្យឪពុកម្តាយធ្វើការ នៅឯស្រុកកំណើតរបស់ខ្លួន។ រដ្ឋាភិបាលថ្នាក់តំបន់ក៏បានអនុវត្តផែនការ កាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ការងារដល់ឪពុកម្តាយ ព្រមទាំងជួយកុមារឱ្យបានទៅរៀននៅទីក្រុងជាមួយឪពុកម្តាយផងដែរ។ លើសពីនេះ រដ្ឋាភិបាលថ្នាក់តំបន់ បានផ្តល់ការណែនាំកាន់តែច្រើន ជូនដល់ឪពុកម្តាយក្មេង ហើយមាតាបិតាខ្លះ ក៏បានស្ម័គ្រចិត្តត្រលប់មករស់នៅជាមួយកូនៗវិញដែរ។ ដូច្នេះចំនួនក្មេងដែលរស់នៅឆ្ងាយពីឪពុកម្តាយ ក៏បានថយចុះជាបន្តបន្ទាប់ហើយដែរ»៕ (សារព័ត៌មាន CCTV របស់ចិន)