(ភ្នំពេញ)៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានរៀបចំសិក្ខាសាលាស្តីពី «ក្រមសីលធម៌ស្តង់ដាវិជ្ជាជីវៈ សវនកម្មផ្ទៃក្នុង និងបទពិសោធន៍សវនកម្មប្រព័ន្ធ FMIS» ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសវនករផ្ទៃក្នុងមកពីបណ្តាក្រសួង-ស្ថាប័ននានាប្រមាណ១៣០រូប ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកបន្ថែមចំណេះដឹង របស់សវនករក្នុងការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសវនកម្ម ដើម្បីធានាឱ្យការអនុវត្តការងារ សវនកម្មតាមបណ្តាអង្គភាពរងសវនកម្ម (សវនដ្ឋាន) ប្រកបដោយប្រសិទ្ធភាព បន្ថែមតម្លៃ និងសក្តិសិទ្ធភាព នៅក្នុងបរិបទនៃការកែទម្រង់នានា របស់រាជរដ្ឋាភិបាល កាន់តែត្រូវបានបង្កើន, ល្បឿន និងពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលាយ និងកាន់តែស្វ័យប្រវត្តឡើង ពិសេសនៅក្នុងការដ្ឋានកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីត្រៀមលក្ខណៈឈានទៅសម្រេចបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០។
សិក្ខាសាលាក៏បានចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការធ្វើសវនកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជាឆ្អឹងខ្នងសម្រាប់គាំទ្រការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងខណៈដែលការដាក់ឲ្យអនុវត្តនូវប្រព័ន្ធ FMIS ពេញលេញកំពុងរីកធំទៅៗ ឈានទៅគ្របដណ្តប់ដល់ក្រសួង-ស្ថាប័ន ព្រមទាំងអង្គភាពថវិកាទាំងអស់ថែមទៀត ដូច្នេះប្រព័ន្ធនេះត្រូវតែរឹងមាំ និងមានសុខភាពល្អជាប្រចាំ តាមរយៈការធ្វើសវនកម្ម។
ក្នុងអង្គសិក្ខាសាលានេះ លោកអគ្គបណ្ឌិតសភាចារ្យ លើកទឹកចិត្តសវនករផ្ទៃក្នុង ទាំងអស់ឱ្យបន្តខិតខំអនុវត្តការងារ ដោយអនុលោមតាមក្រមសីលធម៌ និងស្តង់ដារវិជ្ជាជីវៈសវនកម្មព្រមទាំងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឯង ពិសេសក្នុងក្របខណ្ឌ នៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការវិវត្តន៍ជាសាកលទាក់ទង នឹងស្វយប្រវត្តកម្មការងារក្នុងបរិបទឌីជីថលូបនីយកម្ម (Digitalization)៕