(កំពង់ស្ពឺ)៖ រសៀលនៅថ្ងៃទីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កូយកា) រួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីបញ្ចប់គម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ត «ចលនាភូមិថ្មី» នៅក្នុង «មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ» នៅខេត្តកំពង់ស្ពឺ
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជាលោក Oh Nak Young, ប្រធានការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា, លោក Jeong Yun Gil និងព្រមជាមួយថ្នាក់ដឹកនាំភូមិគោលដៅមួយចំនួន ដែលមកពីខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងត្បូងឃ្មុំ រួមទាំងមន្រ្តីមន្ទីរក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លែងថា ការផ្ទេរគម្រោងជាផ្លូវការ ទៅក្រសួងអភិវឌ្ឍន៍ជនបទ និងផ្សព្វផ្សាយលទ្ធផលសមិទ្ធិផលរបស់គម្រោងដល់អ្នកពាក់ព័ន្ធ ជាពិសេសពិធីនេះ មានកម្មវត្ថុ ជម្រាបដល់ថ្នាក់ដឹកនាំភូមិ អំពីអ្វីដែលពួកគេកំពុងមាន និងអ្វីដែលពួកគេគួរធ្វើបន្ទាប់ពីបញ្ចប់គម្រោង។
លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តថា «គម្រោងនេះ មានសារសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍សហគមន៍នៅកម្ពុជា ពីព្រោះនេះជាគម្រោងមួយ ដែលនឹងជួយទ្រទ្រង់ដល់ភាព ជាម្ចាស់របស់អ្នកភូមិ និងពង្រឹងកិច្ចសហប្រតិបត្តិការល្អនៅកម្រិតមូលដ្ឋាន»។
លោក Oh Nak Young លើកឡើងថា ក្នុងអំឡុងពេល៣ឆ្នាំ នៃការអនុវត្តគម្រោងក្នុងភូមិគំរូយើង អាចឃើញថាសមត្ថភាពរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងមន្រ្តីរដ្ឋាភិ បាលត្រូវបានកែលម្អ និងផលិតភាពកសិកម្មផងដែរ ហើយប្រាក់ចំណូលរបស់អ្នកភូមិក៏ត្រូវបានធ្វើឱ្យប្រសើរផងដែរ។
លោក Jeong Yun Gil ក៏បានលើកឡើងថា គម្រោងនេះផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់ប្រជាជន នៅក្នុងសហគមន៍ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំសហគមន៍។
លោកបានបន្ថែមថា «នេះគឺជាគម្រោងសាកល្បងមួយ ដូច្នេះយើងបានសាកល្បង ម៉ូដែលជាទ្រឹស្តីមួយចំនួន ជាលទ្ធផលយើងបានទាញយកមេរៀន ដែលទទួល បានពីការរៀនសូត្រលើភាពជោគជ័យ ពីការអនុវត្តគម្រោងសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសម្រិតសម្រាងនូវជម្រើសល្អឥតខ្ចោះ ដើម្បីឱ្យពួកគេអាចប្រើប្រាស់វាសម្រាប់ការអនុវត្តនាពេលអនាគត»។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្រ្ត «ចលនាភូមិថ្មី» គឺគម្រោងរយៈពេល៥ឆ្នាំ ដែលត្រូវបានអនុវត្តក្រោមជំនួយឥតសំណងចំនួន៨,៩៥លានដុល្លារ ពីសាធារណរដ្ឋកូរ៉េបន្ថែមទៀត។
គម្រោងនេះត្រូវបានអនុវត្ត ក្រោមកិច្ចសហប្រតិបតិ្តការរវាងកូយកា និងក្រសួងអភិវឌ្ឍន៍ជនបទ និងមានសមាសភាគសំខាន់ៗចំនួន៣ដូចជា៖ ការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា, គម្រោងសាកល្បងក្នុងភូមិគំរូចំនួន៣០ នៅខេត្តកំពង់ស្ពឺ តាកែវ និងត្បូងឃ្មុំ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទនៃប្រទេសកូរ៉េ (CKRDC) ក្នុងខេត្តកំពង់ស្ពឺ៕