(ភ្នំពេញ)៖ ស្ថានទូតអាមេរិកនៅភ្នំពេញសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ នៅប្រទេសកម្ពុជា ដែលពិធីនេះ នឹងប្រារព្ធធ្វើនៅវេលាម៉ោង០៣៖៣០រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្អែកនេះ នៅសារមន្ទីរជាតិកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក បានឲ្យដឹងថា កិច្ចព្រមព្រៀងទី១ គឺការបន្តនូវអនុស្សារណៈយោគយល់គ្នា រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាម នូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា» សំរាប់រយៈពេល៥ឆ្នាំ ២០១៨-២០២៣។
វាគឺជាការបញ្ជាក់ឡើងវិញ នូវអនុស្សារណៈនៃការយោគយល់ ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០៣ ដោយត្រូវបានបន្តតាមរយៈសារលិខិតផ្លាស់ប្តូរគ្នា នៅឆ្នាំ២០០៨ ហើយត្រូវបានកែប្រែ និងបន្តដោយសារលិខិត ផ្លាស់ប្តូរគ្នានៅឆ្នាំ២០១៣។
ស្ថានទូតអាមេរិក បានបន្ថែមទៀតថា អនុស្សារណៈនៃការយោគយល់នេះ មានបំណងកាត់បន្ថយការជំរុញ ឲ្យមានការលួចប្លន់ប្រភេទវត្ថុបុរាណ ដែលតំណាងឲ្យកេរដំណែលវប្បធម៌ដ៏មានតម្លៃ និងសម្បូរបែបរបស់កម្ពុជា ដែលមានតម្លៃមិនអាចរកអ្វីជំនួសបាន។
ដោយអនុលោមទៅតាមច្បាប់របស់ខ្លួន រួមមាន៖ អនុសញ្ញាស្តីពីច្បាប់អនុវត្តលើសម្បត្តិវប្បធម៌ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើការរឹតត្បិតលើការនាំចូលទៅក្នុងសហរដ្ឋអាមេរិក នូវត្ថុបូរាណខ្លះមួយចំនួនគិតចាប់ពី យុគសម័យសំរឹទ្ធ (ឆ្នាំ១,៥០០មុនគ្រិស្តសករាជ) រហូតដល់យុគសម័យខ្មែរ (ឆ្នាំ១,៦០០ ក្រោយគ្រិស្តសករាជ) ដែលអាចរួមមាន ប្រភេទថ្ម លោហធាតុ កុលាលភាជន៍ កែវ និងឆ្អឹងមួយចំនួន ដែលត្រូវបានកំណត់ភិនភាគ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ល្គឹកណារដ្ឋាភិបាលកម្ពុជា ចេញអាជ្ញាបណ្ណមួយដែលបញ្ជាក់ថា ការនាំចេញបែបនេះមិនរំលោភទៅលើច្បាប់របស់ខ្លួនទេ។
ប្រទេសកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដ៏ប្រសើររបស់ខ្លួនក្នុងការរក្សា និងចែករំលែកព័ត៌មាន ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការជីកគាស់កកាយដែលគ្មានការអនុញ្ញាត ការលួចសម្បត្តិវប្បធម៌ ការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ និងការគំរាមកំហែងដទៃទៀត ដែលធ្វើឲ្យគ្រោះថ្នាក់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
កិច្ចព្រមព្រៀងទី២ គឺកិច្ចព្រមព្រៀងផ្តល់ថវិកាពីមូលនិធិឯកអគ្គរដ្ឋទូត សំរាប់ការអភិរក្សវប្បធម៌ ឆ្នាំ២០១៨ ដែលបានយល់ព្រមហើយ រវាងក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិក នៅភ្នំពេញ ឧបត្ថម្ភដល់ អាជ្ញាធរជាតិព្រះវិហារ ដែលមានទឹកប្រាក់ចំនួន ២០០,០០០ដុល្លា និងមានឈ្មោះថា «ការអភិរក្សជណ្តើរបូរាណផ្នែកខាងជើង របស់ប្រាសាទព្រះវិហារ ដែលត្រូវបានសង់តាំងពីសតវត្សទី១១»៕