(សៀមរាប)៖ សិក្ខាកាមតំណាងស្ថាប័នផ្នែកវប្បធម៌ និងសារមន្ទីរនៃប្រទេសអាស៊ាន នាព្រឹកថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៨ បានចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរមណីដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

លោកបណ្ឌិត យូ យ៉ុនហាន់ មន្រ្តីផ្នែកវប្បធម៌ និងកិច្ចការសាសនានៃប្រទេសភូមា និងតំណាងលោកសាស្រ្ដាចារ្យ យូស៊ីអាគី អ៊ីស៊ីសាវ៉ា ប្រធានសាកលវិទ្យាល័យស៊ូហ្វីយ៉ា បានលើកឡើងថា សាកលវិទ្យាល័យស៊ូហ្វីយ៉ា បានរៀបចំសិក្ខាសាលារយៈពេល៧ថ្ងៃ ដោយពិភាក្សាពីតួនាទីរបស់សារមន្ទីរនៅក្នុងតំបន់អាស៊ាន។
នេះជាឆ្នាំទី២ហើយដែលសិក្ខាសាលានេះត្រូវបានរៀបចំឡើង ហើយប្រធានបទសម្រាប់ឆ្នាំនេះ គឺការទុកដាក់វត្ថុបុរាណដែលរកឃើញនៅក្នុងតំបន់ការពារ ការចុះបញ្ជើសារពើភ័ណ្ឌ ការតាំងបង្ហាញ និងការផ្តល់ព័ត៌មានដល់ប្រជាជន ក្នុងតំបន់ឱ្យស្គាល់ពីស្ថាប័នគ្រប់គ្រងដោយរបៀបណា។

លោក ឡៅ គឹមលាង អ្នកដឹកនាំកម្មវិធីសិក្ខាសាលាអន្ដរជាតិសារមន្ទីរ និងវត្ថុបុរាណអាស៊ាន ឆ្នាំ២០១៨ បានឱ្យដឹងថា បណ្ដាប្រទេសអាស៊ានមានបញ្ហាទាក់ទងនឹងការងារសារមន្ទីរ និងវត្ថុបុរាណប្រហាក់ប្រហែល ដូច្នេះសិក្ខាសាលានេះ គឺចង់ធ្វើយ៉ាងណាឱ្យបណ្ដាប្រទេសទាំងនោះមានយន្តការតែមួយ បែបបទតែមួយ ដើម្បីដោះស្រាយបញ្ហារួមគ្នា។

តាមការបញ្ជាក់របស់លោក ឡៅ គឹមលាង គម្រោងរបស់សាកលវិទ្យាល័យស៊ូហ្វីយ៉ា គ្រោងនឹងរៀបចំសិក្ខាសាលានេះរយៈពេល៣ឆ្នាំ ដោយឆ្នាំទី១ ធ្វើឡើងកាលពីឆ្នាំទៅផ្តោតលើប្រធានបទ «ការគ្រប់គ្រងសារមន្ទីរនៅតាមជនបទ ឬតាមបណ្តាខេត្ត»។

លោក ហង់ ពៅ អគ្គនាយករង និងជាតំណាងលោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញខ្លីទាក់ទងនឹងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរជូនដល់អ្នកចូលរួមឱ្យយល់ផងដែរ។

លោកបានបន្ថែមថា អាជ្ញាធរជាតិអប្សរារីករាយជានិច្ច ក្នុងការចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ដល់ប្រទេសនានាដែលចង់រៀនសូត្រ។

គួរបញ្ជាក់ថា សិក្ខាសាលាអន្ដរជាតិសារមន្ទីរ និងវត្ថុបុរាណអាស៊ាន ឆ្នាំ២០១៨ ធ្វើឡើងរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២-៨ ខែវិច្ឆិកា ដោយកម្មវិធីនេះធ្វើនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នៅខេត្តសៀមរាប សិក្ខាកាមនឹងចុះសិក្សាស្វែងយល់នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ អភិរក្សដ្ឋានអង្គរ ការដ្ឋានជួសជុលប្រាសាទ និងទស្សនាប្រាសាទមួយចំនួនទៀត៕