(ភ្នំពេញ)៖ កីឡាករ កីឡាការនីប្រណាំងកង់ភ្នំជាតិ និងអន្តរជាតិ ទាំងបុរស ស្រ្តី និងកុមារ ជិត២០០នាក់ បានមកជួបជុំគ្នានៅចង្កេះភ្នំប្រសិទ្ធិ ខេត្តកណ្តាលកាលពីម្សិលមិញទាំងព្រលឹម រហូតដល់ម៉ោង២រសៀល ដើម្បីធ្វើការប្រកួតសមត្ថភាពប្រណាំងកង់ភ្នំទាំងកម្លាំងជើង ល្បឿន និងបច្ចេកទេសនៅលើទីលានផ្លូវ ដែលប្រកបទៅដោយឧបសគ្គឡើងចុះបត់បែនខ្លាំង ជាមួយដើមឈើជ្រោងច្រាង ដែលធ្វើឲ្យការប្រកួតនេះ កាន់តែស្វិតស្វាញតែពោរពេញទៅដោយភាពសប្បាយរីករាយ សម្រាប់កីឡាករ និង កីឡាការនី។

ក្នុងចំនោមកីឡាករ កីឡាការនីអន្តរជាតិទាំងអស់ ដែលមកចូលរួមក្នុងការប្រកួតនេះ គឺមានកីឡាករថៃចំនួន៧រូប ដែលធ្វើដំនើរតាំងពីប្រទេសថៃ មកដល់កម្ពុជាតាមរយរថយន្តវែន ១២កៅអី ហើយអ្វីដែលគួរឲ្យកោតសរសើរនោះ គឺកីឡាករ និងកីឡាការនី២ រូបក្នុងចំនោមពួកគេ ថែមទាំងឈ្នះបានពានចំណាប់ថ្នាក់លេខ១ នៅក្នុងពូលស្រ្តី១រូប ដែលមានឈ្មោះថា ផាន្នីផា ណារ៉ុងឆៃ ដោយបញ្ចប់នូវថេរវេលា២៨នាទី ២៥វិនាទី ក្នុងចំងាយ៨គីឡូម៉ែត្រ រីឯ១រូបទៀត គឺនៅក្នុងពូលបុរស ដែលមានឈ្មោះថា ស៊ុបាឆៃ ណយឆ័យាផ្លូក ក្នុងប្រភេទចម្ងាយ១៤គីឡូម៉ែត្រ។

ចំនែកឯកីឡាករកម្ពុជា ដែលទទួលបានពានដែរនោះ រួមមានលោក គីម ចាន់ធូ ក្នុងពូលបុរសដោយបញ្ចប់ក្នុងថេរៈវេលា៥៩នាទី នឹង២០វិនាទី ក្នុងប្រភេទចម្ងាយ (A1) ១៧.៥ គីឡូម៉ែត្រ រីឯប្រភេទចម្ងាយ (B1) ១៤គីឡូម៉ែត្រវិញ គឺបានទៅលើលោក រិន បូរិទ្ធិ កីឡាករកម្ពុជា ហើយប្រភេទចម្ងាយ (B2) ១០.៥គីឡូម៉ែត្របានទៅលើលោក រិន សុគន្ធ ។

សម្រាប់នៅក្នុងប្រភេទចម្ងាយ (C) ១២គីឡូម៉ែត្រ គឺបានទៅលើលោក Frank Zgoznik ជនជាតិបារាំង (Master) និង លោក ម៉ៅ បុរី (C3) លោក លីម វិវឌ្ឍន៍ (C1) និង លោក អែម ភោគ (C2)។

លោក វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធទោចក្រយាន្តកម្ពុជា បានថ្លែងថា «កម្មវិធីប្រណាំងកង់ភ្នំកម្ពុជាឆ្នាំ២០១៨ ជុំទី៤ ភេសជ្ជៈប៉ូវកម្លាំងវើកនេះ» បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរបំផុត ដោយមានការចូលរួមទាំងកីឡាករ និងកីឡាការនីជាតិ និង អន្តរជាតិ ហើយបច្ចេកទេស នៃការរៀបផ្លូវប្រណាំង ក៏ធ្វើបានល្អដោយមានទាំងផ្លូវលំបាក និងស្រួលចុះឡើងដែលជាឧបសគ្គល្អសម្រាប់កីឡាករឆ្លងកាត់ និងបង្កើនសមត្ថភាពរបស់ពួកគេកាន់តែខ្លាំងឡើងថែមទៀត។

លោកបានបន្ថែមទៀតថា «ជាលទ្ធផលកីឡាករកម្ពុជាប្រមាណជា៧០% ទទួលបានពានជើងឯកសម្រាប់ជុំនេះ ដូច្នេះវាជាលទ្ធផលល្អមួយ យើងគួរកោតសរសើរនូវសមត្ថភាពរបស់កីឡាករយើង»។ លោកក៏បានជំរុញទឹកចិត្ដ ឲ្យមានការចូលរួមបន្ថែមទៀត ពីអ្នកស្នេហាវិស័យជិះកង់ភ្នំ សម្រាប់ការប្រកួតនូវជុំបន្ទាប់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅរមណីយដ្ឋាន ភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ។

រីឯលោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បានបន្ដថា «ការប្រណាំងកង់ភ្នំកម្ពុជាឆ្នាំ២០១៨ ភេសជ្ជៈប៉ូវកម្លាំងវើក នៅជុំនេះដំនើរបានល្អណាស់ ហើយកីឡាករកីឡាការនីម្នាក់ៗបានខំប្រឹងអស់ពីសមត្ថភាពរបស់ពួកគេ ដើម្បីទទួលបានពានពីគណៈកម្មការ»

លោកក៏បានបន្តទៀតផងដែរថា «ពីភេសជ្ជៈប៉ូវកម្លាំងវើក និងទឹកបិរសុទ្ធកម្ពុជា យើងនឹងបន្តជ្រោមជ្រែង ឲ្យការប្រណាំងនេះកាន់តែមានលក្ខណៈអធឹកអធមបន្ថែមទៀត នូវជុំក្រោយ ឬឆ្នាំក្រោយ ដើម្បីបង្កនូវភាពសប្បាយរីករាយសម្រាប់អ្នកចូលរួម ហើយទាក់ទាញមិត្តភក្តិ និងក្រុមគ្រួសាររបស់កីឡាករ ឲ្យចូលរួមសប្បាយរីករាយជាមួយកម្មវិធីនេះ ។ យើងនឹងព្យាយាមធ្វើឲ្យការប្រណាំងនេះ ក្លាយជាកម្មវិធីមួយ ដែលគេទន្ទឹងរង់ចាំ ហើយមិនអាចខានបានក្នុងការចូលរួម»។ លោកក៏បានលើកទឹកចិត្ត ឲ្យប្រជាជនកម្ពុជា ជាពិសេសយុវជន និងយុវតី ចូលរួមលេងកីឡាបានច្រើនផងដែរដើម្បីសុខភាពរឹងមាំ។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕