(សៀមរាប)៖ អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប បានសម្ដែងការសាទរចំពោះសំណង់ទ្វារទឹកថ្មីនៅមូលដ្ឋានពួកគេ ដែលសង់ឡើងដោយអាជ្ញាធរជាតិអប្សរា។ ទ្វារទឹកនេះអាចផ្គត់ផ្គង់ទឹកសម្រាប់ស្រែចម្ការពលរដ្ឋជាង ៥០០គ្រួសារ លើផ្ទៃដីជិត ១០០ហិកតា។
ទ្វារទឹកលោកតា ស៊ត់ ទើបនឹងសង់រួចរាល់នៅអំឡុងខែតុលា ក្រោយដំណើរការសាងសង់ចាប់ពីខែមិថុនាមក។ ទ្វារទឹកនេះសង់ឡើងដោយបច្ចេកទេសត្រឹមត្រូវ ដោយមានប្រព័ន្ធបិទទ្វារទឹក ដើម្បីស្ទាក់ទឹកទុកប្រើនារដូវប្រាំងផងដែរ។
ពលរដ្ឋមួយរូបលោក បឿន ម៉ាប់ បានឱ្យដឹងថា ស្រែរបស់លោកនៅឆ្នាំនេះទទួលបានផលល្អណាស់ ដោយសារមានទឹកស្រោចស្រពគ្រប់គ្រាន់។ តាមការបញ្ជាក់របស់លោក ម៉ាប់ ក្រោយទំនប់ទឹកចាស់បានបាក់មក អ្នកភូមិនគរក្រៅ មិនដែលធ្វើស្រែបានផលល្អឡើយ ដោយសារគ្មានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ ពិសេសពេលរដូវប្រាំងមកដល់។ ទើបតែឆ្នាំនេះទេ ដែលលោក ម៉ាប់ ធ្វើស្រែបានល្អ ហើយលោករំពឹងថា ផលដំណាំស្រូវលោកអាចនឹងទទួលបានផលច្រើននៅលើផ្ទៃដីជាង ២ហិកតា ដែលរាល់ឆ្នាំ អត់ទឹក ធ្វើឱ្យស្រូវស្កក ហើយទទួលផលតែ២ទៅ៣ការ៉ុងប៉ុណ្ណោះក្នុងមួយឆ្នាំៗ។
ចំណែកអ្នកស្រី ឡាយ ទុំ នោះវិញ អ្នកស្រីកំពុងមមាញឹកនឹងដំណាំត្រសក់ទឹក ដែលកំពុងឡើងទ្រើងបណ្ដើរៗហើយនោះ។ អ្នកស្រីថា តាំងពីមានទឹកដែលបង្ហូរពីទ្វារទឹកថ្មីដែលសង់ដោយអាជ្ញាធរជាតិអប្សរាមក ធ្វើឱ្យអ្នកស្រីមានភាពងាយស្រួលក្នុងការទាញទឹកមកស្រោចស្រពដំណាំ ដែលពេលមុនការប្រើប្រាស់ត្រូវបុកអណ្ដូង ហើយត្រូវចំណាយធនធានច្រើន។ ពេលនេះ អ្នកស្រី ទុំ អាចបូមទឹកមកស្រោចស្រពដំណាំបានយ៉ាងងាយ ដោយគ្រាន់តែដាក់ម៉ាស៊ីនបូមចេញពីប្រឡាយតែប៉ុណ្ណោះ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទ្វារទឹកលោកតា ស៊ត់ ក្រៅពីបម្រើដល់ផលកសិកម្មដល់ប្រជាពលរដ្ឋហើយនោះ ទ្វារទឹកនេះសង់ឡើងដើម្បីគ្រប់គ្រង និងស្ដុកទឹករក្សាលំនឹងប្រាសាទផងដែរ ព្រោះទឹកមានទំនាក់ទំនងយ៉ាងជិតស្និទទៅនឹងគ្រឹះប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
បើតាមលោក សុឃីម ទ្វារទឹកនេះអាចស្ទាក់ទឹកបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋជាង ៥០០គ្រួសារ លើផ្ទៃដីកសិកម្មជិត ១០០ហិកតា។ ក្រៅពីនេះ ទ្វារទឹកនេះដើរតួយ៉ាងសំខាន់សម្រាប់រំដោះជំនន់ទឹកភ្លៀងក្នុងក្រុងអង្គរ និងក្រុងសៀមរាប ព្រមទាំងដើម្បីរក្សាទឹកក្រោមដីក្នុងតំបន់អង្គរផងដែរ។
គួរបញ្ជាក់ថា ទ្វារទឹកលោកតា ស៊ត់ មានបណ្តោយជាង ២០ម៉ែត្រ និងទទឹងប្រមាណ ១៨ម៉ែត្រ ហូរកាត់អូរខ្លូត ដែលរំដោះទឹកភ្លៀងហូរចាក់ទៅស្ទឹងពួក និងស្ទឹងព្រះស្រុក៕