(ភ្នំពេញ)៖ ក្រោយពីចូលរួមក្នុងព្រឹត្តិការណ៍ប្រប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ រយៈពេល៣ថ្ងៃរួចមក ក្រុមកីឡាករជាតិ-អន្តរជាតិបានចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយការអភិរក្ស និងការផ្សព្វផ្សាយធនធានធម្មជាតិ ព្រមទាំងទទួលបានបទពិសោធន៍ជាច្រើនពីការប្រណាំងរថយន្ត និងម៉ូតូលើទឹកដីសុវណ្ណភូមិ (កម្ពុជទេស) នេះ។
ការប្រណាំងនេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា» ដោយបានឆ្លងកាត់តំបន់អភិរក្សធនធានធម្មជាតិក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ស្ពឺ ឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ និងឧទ្យានជាតិព្រះសុរាម្រឹត ព្រះកុសុមៈនារីរ័ត្នសិរីវឌ្ឍនា គិរីរម្យ ឯខេត្តកំពត បានឆ្លងកាត់ឧទ្យានជាតិព្រះមុនីវង្ស ភ្នំបូកគោ និងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង លើចម្ងាយផ្លូវសរុប ៦៣០គីឡូម៉ែត្រ។
ក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំង Khmer Rally Raid ២០១៨ ដែលរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា នាល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ការប្រកួតប្រណាំងឆ្លងកាត់តំបន់អភិរក្សធនធានធម្មជាតិ បាននាំយកនូវរូបភាពល្អៗជាច្រើន និងទេសភាពតំបន់អភិរក្ស ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយពីតំបន់តំបន់អភិរក្ស ដ៏ស្រស់ស្អាតទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ព្រឹត្តិការណ៍នេះមានសារសំខាន់យ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយតំបន់អភិរក្សទៅកាន់ប្រជាពលរដ្ឋទាំងអស់ ដោយនេះមិនត្រឹមតែជាកិច្ចការរបស់រាជរដ្ឋភិបាល ក្រសួងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាជាកិច្ចការដែលត្រូវចូលរួមទាំងអស់ រីឯអ្នកចូលរួមជាជនបរទេសក៏បានផ្សព្វផ្សាយពីវិស័យកីឡា និងបរិស្ថានដល់ពិភពលោកផងដែរ។
លោក ហូ សិទ្ធិគុណ តំណាងក្លឹប KARA និងជាអ្នកសហការរៀបចំព្រឹត្តការណ៍ខាងលើ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមប្រកួតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងមិនមានអ្វីជាបញ្ហានោះឡើយ ដោយកីឡាករ-កីឡាការិនីទាំងអស់ បានគោរពបាននូវបទបញ្ជាបច្ចេកទេសតាមនិយាមបច្ចេកទេសអន្តរជាតិ។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ការប្រកួតនេះយើងថែមទាំងបានផ្សព្វផ្សាយពីការងារអភិរក្សបរិស្ថានផង បង្កើនបច្ចេកទេសកីឡាផង ដែលជាការផ្តល់ឱកាសរបស់ក្រសួងបរិស្ថាន ក្នុងការបន្ថែមដល់ការអភិវឌ្ឍកីឡាយានយន្តកាន់តែល្អប្រសើរបន្ថែមផងដែរ។
កីឡាករ គួន ផាន់តារា ជ័យលាភីក្នុងព្រឹត្តការណ៍ Khmer Rally Raid ២០១៨នេះ បានបញ្ជាក់ថា ក្រៅពីកីឡាករបរទេស លោកសង្កេតឃើញថា មានកីឡាករវ័យក្មេង ២រូបទៀត អាចនឹងលេចធ្លោរនាពេលខាងមុខ ព្រោះពួកគាត់មានទេពកោសល្យល្អក្នុងការមើលផែនទីបង្ហាញផ្លូវ និងការប្រណាំងយ៉ាងស្ទាត់ជំនាញ។
សូមបញ្ជាក់ថា កីឡាករកម្ពុជា គួន ផាន់តារា ទទួលបានលេខ១ ពីព្រឹត្តការណ៍ប្រណាំង Khmer Rally Raid ២០១៨ លេខ២កីឡាករ David Roper រីឯលេខ៣ កីឡាករកម្ពុជា ក្រូស ថាច់ រីឯរថយន្តវិញ លេខ១ កីឡាករថៃ Song Yos លេខ២ កីឡាករកម្ពុជា សេក ចាន់តារា លេខ៣ កីឡាករកម្ពុជា ទៀង សុគៀត៕