(ភ្នំពេញ)៖ បន្ទាប់ប្រកាសសាលក្រមចាត់របៀបមួយលើក ដើម្បីស៊ើបអង្កេតបន្ថែមរួចមក នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធសំណុំរឿង ឃាតកម្ម។
ជនជាប់ចោទឈ្មោះ CHENG XIAO JUN (ឈិន សៀវ ជិ) ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ ពីបទ «ឃាតកម្មគិតទុកជាមុន» ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការរាល់លើកជនជាប់ចោទ បានបដិសេធ អំពីបទចោទប្រកាន់របស់តុលាការ និងបានឆ្លើយថា រូបគេមិនដែលស្គាល់ជនរងគ្រោះ ដែលស្លាប់នោះទេ។
ទោះជាយ៉ាងណា តុលាការបានសម្រេចលើកពេលទៅប្រកាសសាលក្រមសំណុំរឿងនេះ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខវិញ។
គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ តាមបណ្ដឹងរបស់សាច់ញាតិជនរងគ្រោះ ដែលត្រូវគេសម្លាប់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ៕