(វ៉ាស៊ីនតោន)៖ កូនប្រុសរបស់អ្នកកាសែត លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) បានអំពាវនាវឱ្យមានការប្រគល់សាកសពឪពុកខ្លួន ត្រឡប់មកវិញ ដើម្បីយកទៅបញ្ចុះក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាទឹកដីកំណើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យ កូនប្រុសលោក Khashoggi គឺលោក សាឡាហ៍ (Salah) និងលោក អាប់ឌុលឡាហ៍ ខាសហូកជី (Abdullah Khashoggi) បានលើកឡើងយ៉ាងដូច្នេះថា «វាមិនមែនជាស្ថានភាពធម្មតានោះទេ ហើយអំពើឃាតកម្មនេះ ក៏មិនមែនជារឿងធម្មតាដែរ... ប៉ុន្តែអ្វីដែលយើងចង់បាននៅពេលនេះ គឺចង់បញ្ចុះសពគាត់ (លោក Khashoggi) នៅឯទីបញ្ចុះសព អាល់បាគី (Al-Baqi) ក្នុងទីក្រុង មេឌីណា (Medina) ប្រទេសអារ៉ាប៊ីសាអូឌីត»។ លោក Salah Khashoggi បានបន្ថែមថា លោកបានពិភាក្សាពីរឿងជាមួយអាជ្ញាធរទីក្រុងរីយ៉ាដរួចហើយ ដូច្នេះលោកសង្ឃឹមថា សាកសពឪពុកលោកនឹងត្រូវប្រគល់មកវិញក្នុងពេលឆាប់នេះ។
គួរបញ្ជាក់ថា លោក Jamal Khashoggi ជាអ្នករិះគន់លើគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងរីយ៉ាដ និងជាអ្នកកាសែតម្នាក់មកពីសារព័ត៌មានអាមេរិក Washington Post ត្រូវបានគេរាយការណ៍ថា ត្រូវបានគេសម្លាប់នៅក្រោយចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌិត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួគកីកាលពីថ្ងៃទី០២ ខែតុលា។
ប៉ុន្តែមកទល់នឹងពេលនេះ គេមិនទាន់ដឹងថា សាកសពរបស់លោកនៅទីណានោះទេ ខណៈព្រះមហាក្សត្រសាល់ម៉ាន់ សន្យាថា នឹងចាប់អ្នកទទួលខុសត្រូវ ឬអ្នកមានជាប់ពាក់ព័ន្ធនឹងអំពើ ឃាតកម្មមកកាត់ទោសតាមផ្លូវច្បាប់ ទោះបីជាតួកគីវិញធ្លាប់បានអះអាងថា សាកសពរបស់លោក Khashoggi ត្រូវគេកាប់ខ្ទេចខ្ទីទាំងកង់ៗហើយយកទៅបោះចោលបាត់ហើយក៏ដោយ៕