(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចាប់ផ្តើមអ៊ុតក្រាលកៅស៊ូនៅតាមបណ្ដោយផ្លូវ សម្ដេចវិបុលបញ្ញា សុខ អាន ដែលជាផ្លូវសំខាន់មួយក្នុងក្រុងសៀមរាប។
សកម្មភាពនេះ ធ្វើឡើងតាមអនុលោមតាមអនុសាសន៍របស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ និងជាប្រធានអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា។
គួរបញ្ជាក់ថា ការស្ថាបនា ជួសជុល និងកែលម្អផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ គឺធ្វើឡើងក្នុងបំណងដើម្បីសម្រួលការធ្វើដំណើរដល់សាធារណជន ក៏ដូចជាភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តខេត្តសៀមរាប ដែលមានការកើនឡើងជារៀងរាល់ថ្ងៃ៕