(ភ្នំពេញ)៖ ក្រោយពេលពិព័រណ៍ការងារ និងផលិតភាពជាតិទើបតែបញ្ចប់ថ្មីៗ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានប្រកាសនូវឱកាសការងារ ចំនួន៩៣៥កន្លែង ពីក្រុមហ៊ុនដ៏ល្បីចំនួន១០ សម្រាប់វេទិកាការងារ នាថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ។
ក្នុងនោះ មានក្រុមហ៊ុនចូលរួមដូចជា៖ ក្រុមហ៊ុន អ៊ីអន, ក្រុមហ៊ុន Turbotech, ហាងនំបុ័ង Bread talk, ក្រុមហ៊ុន Baby Outlet, ក្រុមហ៊ុន BDlink, ក្រុមហ៊ុនGBS, ផ្សារទំនើប Lucky, ក្រុមហ៊ុន New Link Marketing Ltd, ក្រុមហ៊ុន GFG Investment និងអង្គការ ដើម្បីភាពញញឹមនៃកុមារ នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ជាមួយអ្នកតំណាង មកពីបណ្តាក្រុមហ៊ុន ចាប់ពីម៉ោង០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយសម្រាប់យុវជន អ្នកស្វែងរកការងារក្នុងការដាក់ពាក្យស្វែងរកការងារក្នុងប្រទេស ក៏ដូចជានិយោជកដែលត្រូវការជ្រើសរើសបុគ្គលិកទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំកម្មវិធីវេទិកាការងារប្រចាំខែ និងកិច្ចសម្ភាសន៍ការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ និងខេត្ត។
អាស្រ័យហេតុនេះ សិស្ស-និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម អាចទទួល បានសេវាផ្តល់ជូនដោយរាជរដ្ឋាភិបាល ដោយមិនគិតកម្រៃ។
សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ Facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕