(ព្រៃវែង)៖ ក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា រួមជាមួយនឹងក្រុមហ៊ុនឯកជន SparrowHawk Far East, PLC បានប្រើប្រាស់ម៉ាស៊ីនទំនើបបង្អស់ ដើម្បីកំណត់ទីតាំងរណ្តៅសាកសព ចំនួនជនរងគ្រោះក្នុងសម័យខ្មែរក្រហម ដោយមិនមានការគាស់កកាយ។ ការសាកល្បងលើកដំបូង ត្រូវបានធ្វើឡើងនៅវិទ្យាល័យមេសាង ខេត្តព្រៃវែង នាពេលថ្មីៗនេះ។
លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារភូមិភាគបូព៌ា និងគម្រោងស្រាវជ្រាវ និងអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា បានឲ្យដឹងថា «នេះគឺជាលើកដំបូង ដែលយើងបានកំណត់ទីតាំង និងចំនួនជនរងគ្រោះ តាមបច្ចេកវិទ្យាទំនើបបំផុត។ ការប្រើម៉ាស៊ីននេះ យើងគ្រាន់តែរុញម៉ាស៊ីនទៅលើផ្ទៃដី ហើយវានឹងបង្ហាញនូវឆ្អឹងសាកសព និងកំណត់ចំនួនបាន»។
លោកឲ្យដឹងបន្ថែមទៀតថា តាមវិធីសាស្ត្រនេះ យើងអាចរកទិន្នន័យជនរងគ្រោះ ក្នុងសម័យខ្មែរក្រហមនៅតាមរណ្តៅផ្សេងៗ បានលឿន និងត្រឹមត្រូវ និងមិនចាំបាច់គាស់កកាយឡើងវិញ នូវអិដ្ឋធាតុដែលនាំឲ្យរំខានដល់ព្រលឹង ដល់អ្នកស្លាប់នោះឡើយ។
ការរុករកនេះ ទទួលបានលទ្ធផលដ៏ល្អប្រសើរ ហើយវាជាភស្តុតាងដ៏មានទម្ងន់មួយទៀត ដែលកាន់តែបង្ហាញអំពីចំនួនជនរងគ្រោះកាន់តែច្បាស់ និងធ្វើឲ្យការអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា កាន់តែមានភាពច្បាស់លាស់ ផ្អែកលើវិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្រ។
លោក លី កុកឆាយ អ្នកឯកទេសភូមិសាស្ត្រនិងផែនទី នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលនឹងប្រមូលទិន្នន័យទាំងអស់ទូទាំងប្រទេស ហើយដាក់ចូលក្នុងផែនទីតាមបច្ចេកវិទ្យាថ្មី ដែលអាចឲ្យមហាជនចូលទស្សនា តាមទូរសព្ទដៃនិងកុំព្យូទ័រ។ លោកថា «យើងស្រាវជ្រាវភូមិភាគបូព៌ាមុនគេដោយការចុះមកពិនិត្យរណ្តៅដែលមាននៅតាមសាលារៀន»។
លទ្ធផលនៃការស្រាវជ្រាវ នឹងបង្ហាញជូនជាផ្ទាំងរូបភាពដំឡើងនៅក្បែររណ្តៅទាំងនោះ ដែលមហាជនលី កុកឆាយ អ្នកឯកទេសភូមិសាស្ត្រ និងផែនទីនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលនឹងប្រមូលទិន្នន័យទាំងអស់ ទូទាំងប្រទេសហើយដាក់ចូលក្នុងផែនទីតាមបច្ចេកវិទ្យាថ្មី ដែលអាចឲ្យមហាជនចូលទស្សនាតាមទូរសព្ទដៃនិងកុំព្យូទ័រ។
«យើងស្រាវជ្រាវភូមិភាគបូព៌ាមុនគេ ដោយការចុះមកពិនិត្យរណ្តៅដែលមាននៅតាមសាលារៀន។ លទ្ធផលនៃការស្រាវជ្រាវ នឹងបង្ហាញជូនជាផ្ទាំងរូបភាពដំឡើង នៅក្បែររណ្តៅទាំងនោះ ដែលមហាជន និងសិស្សានុសិស្សអាចរៀនសូត្រ និងទស្សនាបាន។ ម្យ៉ាងទៀត វាក៏ជាទិន្នន័យសំខាន់មិនអាចខ្វះបាន សម្រាប់អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ»។ លោក កុកឆាយ បានគូសបញ្ជាក់បន្ថែម។
លោក កុក ឆាយ បានបន្ថែមទៀតថា ភូមិភាគបូព៌ានៃសម័យខ្មែរក្រហម មានរណ្តៅសាកសព១២៤ទីតាំង ក្នុងនោះរណ្តៅ២៧ ត្រូវបានជីករួចរាល់ រណ្តៅ១០ បានជីកផ្នែកខ្លះ ហើយរណ្តៅ៧៧ទៀត នៅមិនទាន់ជីកនៅឡើយ។ រណ្តៅ៧មានទីតាំងនៅក្នុងសាលារៀន ដូចជានៅវិទ្យល័យមេសាង វិទ្យាល័យស្វាយរមៀត វិទ្យាល័យញឹម វណ្ណដាពារាំង និងវិទ្យាល័យព្រែកសណ្តែក (ខេត្តព្រៃវែង) វិទ្យាល័យស្រីសន្ធរ (ខេត្តត្បូងឃ្មុំ) វិទ្យាល័យសេរីមង្គលនិងសាលាសន្លុង (ខេត្តកណ្តាល)។
លោកគ្រូ ប៉ុត ម៉ាក ដែលជាគ្រូបង្រៀនផ្នែកប្រវត្តិវិទ្យានៅវិទ្យាល័យមេសាង និងជាអ្នកស្រាវជ្រាវប្រវត្តិភូមិ និងសិក្សាទីតាំងនេះ បានឲ្យដឹងថា «កាលពីមុនកន្លែងនេះ មិនទាន់មានសាលានោះទេ។ ពេលចាប់ផ្តើមធ្វើសាលារៀន គ្រូនិងសិស្សបានប្រមូលឆ្អឹងលលាដ៏ក្បាលប្រហែល៥០»។
ដូចគ្នានេះដែរ លោក ជួន សាវ៉ាយ ជាគ្រូបង្រៀនប្រវត្តិវិទ្យា និងជាអ្នកស្រាវជ្រាវម្នាក់ទៀតអំពីប្រវត្តិភូមិ បានឲ្យដឹងថា «ការចុះមកសិក្សាស្រាវជ្រាវផ្ទាល់នេះ នឹងផ្តល់ភស្តុតាងកាន់តែច្បាស់លាស់អំពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម។ ជាពិសេស សិស្សានុសិស្សដែលជាក្មេងជំនាន់ក្រោយបានឃើញ និងដឹងបន្ថែមទៀតអំពីរបបខ្មែរក្រហម ពីលើអ្វីដែលបានរៀននៅក្នុងសៀវភៅ។
ក្រៅពីនេះ លោកក៏បានបន្ថែមអំពីការស្គែន និងការជីកកាយឆ្អឹងដើម្បីរុករកថា «ការគាស់ឆ្អឹងឡើងវិញ វាអាចខុសប្រពៃណីដែលទៅរំខានព្រលឹងអ្នកស្លាប់។ មួយទៀតវាអាចធ្វើឲ្យខូចបរិស្ថាន និងចុងក្រោយវាអាចធ្វើឲ្យប្រជាពលរដ្ឋខ្លាចពេលឃើញឆ្អឹងទាំងនោះ»។
លោក តាត ស៊ុត អាយុ៦២ឆ្នាំ ដែលជាអ្នករួចរស់ជីវិត ពីការសម្លាប់រង្គាលនៅពេលធ្វើបន្សុទ្ធកម្មភូមិភាគបូព៌ាឆ្នាំ១៩៧៨ នៅសម័យខ្មែរក្រហម។ លោកបានចូលរូមក្នុងដំណើរការរុករកនេះដែរ បានឲ្យដឹងថា លោកពិតជាមាន សេចក្តីរីករាយណាស់ដែលបានមានការសិក្សាស្រាវជ្រាវ អំពីរណ្តៅសាកសព ដើម្បីឲ្យដឹងអំពីចំនួនជនរងគ្រោះ និងចងក្រងប្រវត្តិសាស្ត្រសម្រាប់ការអប់រំកូនចៅជំនាន់ក្រោយ ឲ្យស្វែងយល់អំពីការសម្លាប់រង្គាល នៅជំនាន់នោះ។
លោកបានរម្លឹករឿងរ៉ាវ ដែលលោកបានរួចរស់ជីវិតនៅពេលនោះដូចតទៅ៖ «ខែឧសភា ឆ្នាំ ១៩៧៨ មានការបះបោរហើយសម្លាប់យ៉ាងខ្លាំង នៅតំបន់ភូមិភាគបូព៌ា។ ខ្ញុំនិងប្រជាជន១០០នាក់ផ្សេងទៀត ត្រូវបានទ័ពឃាំងទុក នៅក្នុងវិហារមួយកន្លែង។ អង្គការបញ្ជូនអ្នកជាប់ឃុំចេញក្រៅប្រាំនាក់ម្តងៗ ចាប់ពីម៉ោង១០យប់ទៅ។ ពេលដល់វេនខ្ញុំ ស្រាប់តែអស់ខ្សែចងដៃ រួចគេចងខ្ញុំនឹងក្រមាវិញ ដោយព័ទ្ធដៃខ្ញុំទៅក្រោយ ហើយយកក្រមានោះរុំ នឹងស្មារបស់ខ្ញុំ។ គេបណ្តើរខ្ញុំ ទៅទាំងងងឹតជាមួយអ្នកទោស៤នាក់ផ្សេងទៀត។ ដោយសារក្រមារលុង ខ្ញុំក៏ខាំក្រមាបន្តិចម្តងៗ រហូតទាល់តែដាច់នៅតាមផ្លូវពេលធ្វើដំណើរមកដល់ទីតាំងសម្លាប់មនុស្សនោះ»។
លោកមិនដែលគិតសោះថា លោកអាចឈររៀបរាប់អ្វីដែលបានកើតឡើងកាលពីជាង៤៥ឆ្នាំមុន ដល់អ្នកជំនាន់ក្រោយដូចថ្ងៃនេះទេ។ «ការសម្រេចចិត្តរត់គេចពេលនោះ មិនមែនដើម្បីយកជីវិតឲ្យរស់នោះទេ។ គ្រាន់តែចង់ឲ្យគេបាញ់ឲ្យស្លាប់ ប្រសើរជាងគេវាយសម្លាប់ក្នុងរណ្តៅ។ ពួកវាបាញ់ខ្ញុំខុសគ្រាប់ទី១ ហើយគ្រាប់ទី២ក៏ខុសទៀត។ ខ្ញុំក៏រត់តាំងពីម៉ោង១យប់ដល់ម៉ោង៤ភ្លឺជាមួយនឹងអារម្មណ៍ភ័យខ្លាច»៕