(ត្បូងឃ្មុំ)៖ ក្រុមមន្រ្តីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល បាននិងកំពុងបើកប្រតិបត្តិការចាប់ឃាត់រថយន្តរបស់ឈ្មួញជនជាតិវៀតណាម ដែលសម្រុកដឹកឈើ កៅស៊ូលមូល ដើមស្វាយចាន់ទី និងដើមអាកាស្សា នាំចេញទៅកាន់ប្រទេសវៀតណាម ដោយខុសច្បាប់។ នេះជាការបញ្ជាក់របស់លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើ ត្បូងឃ្មុំ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក គឹម ឈុនលី បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោយមានបញ្ជាផ្ទាល់ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ចំពោះសកម្មភាពដឹកជញ្ជូន ឈើកៅស៊ូមូលខុសច្បាប់ពីសំណាក់ក្រុមឈ្មួញវៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់វៀតណាមដោយខុសច្បាប់។
កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា លោកបានចាត់វិធានការជាបន្ទាន់ ទៅថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ឲ្យទប់ស្កាត់ការនាំចេញ ដើមឈើកៅស៊ូខុសច្បាប់ ទៅកាន់ប្រទេសវៀតណាមរួចហើយ ក្រោយមានពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាបន្តបន្ទាប់លើបញ្ហានេះ ដែលនៅតែកំពុងកើតមានឡើងនោះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោករដ្ឋមន្រ្តី វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានចាត់វិធានការជាបន្ទាន់ ទៅថ្នាក់ខេត្តឲ្យបន្តត្រួតពិនិត្យលើបញ្ហានេះ»។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោយមានបញ្ជាពីលោករដ្ឋមន្រ្តី កម្លាំងរបស់លោក បានសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល តាមចាប់ឃាត់រថយន្តមួយគ្រឿង ដឹកឈើទាំងនេះ ហើយធ្វើការសួរនាំ និងសុំគោលការណ៍បន្តពីលោករដ្ឋមន្រ្តី។ យ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍ពីអ្នករកស៊ីទិញដើមកៅស៊ូមូលក្នុងស្រុកវិញ បានលួចបង្ហើបថា ក្រុមឈ្មួញវៀតណាម បានប្រើរូបភាពលែងសូវដឹកចេញពេលថ្ងៃទៀតហើយ ដោយលួចដឹកចេញពេលយប់តែម្តង។
ព័ត៌មាននេះបានបង្ហាញទៀតថា ក្រុមឈ្មួញវៀតណាមទាំងនេះ ក្រោយពេលប្រមូលទិញឈើរួចហើយ ពួកគេនឹងឈរជើងនៅកន្លែងណាមួយ ដោយមិនទាន់ដឹកចេញនោះទេ លុះយប់ឡើង ជាពិសេសនៅយប់នេះតែម្តង នឹងសម្រុកនាំចេញទៅកាន់ប្រទេសរបស់ខ្លួនតាមច្រករបៀងភ្លាមៗតែម្តង ដូច្នេះសូមមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅតាមព្រំដែន ជួយមានវិធានការណ៍ឲ្យបានក្លាំងក្លា និងមានប្រសិទ្ធភាពផង។
សូមបញ្ជាក់ថា អ្នករកស៊ីកែច្នៃឈើកៅស៊ូក្នុងស្រុក ក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងពីផលលំបាក និងការខាតបង់ជាច្រើនដោយសារតែក្រុមឈ្មួញវៀតណាម បានដើរប្រមូលទិញដើមកៅស៊ូមូល ដើមស្វាយចន្ទី និងដើមអាកាសស្យា ក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ ដោយមួយថ្ងៃៗចេញរាប់សិបរថយន្ដធុនធំ ដោយមិនបានបង់ពន្ធត្រឹមត្រូវជូនរដ្ឋនោះទេ។
រដ្ឋមន្ដ្រីកសិកម្ម លោក វេង សាខុន កាលពីដើមខែតុលា ឆ្នាំ២០១៧ ក៏បានជម្រាបជូនទៅអភិបាលខេត្តត្បូងឃ្មុំ សុំអន្ដរាគមន៍បិទការនាំចេញវត្ថុធាតុដើមទាំងនេះផងដែរ ប៉ុន្ដែនៅមិនទាន់មានប្រសិទ្ធភាពនោះឡើយ បើទោះបីលោករដ្ឋមន្ដ្រី ព្រមានចាត់វិធានការយ៉ាងណាក៏ដោយនោះ។
យោងតាមលិខិតសំណូមពររបស់តំណាងរោងចក្រកែច្នៃឈើកៅស៊ូ ដែលដាក់ជូនរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានលើកឡើងដោយសុំឲ្យពិនិត្យ និងអន្ដរាគមន៍ បិទការនាំចេញឈើកៅស៊ូមូល ស្វាយចន្ទី អាកាសស្យាមិនទាន់កែច្នៃរបស់ឈ្មួញវៀតណាម ដែលគេចបង់ពន្ធជូនរដ្ឋដោយពួកគេបានចូលមកទិញចំការពីប្រជាជន ហើយជួលឡានដឹកតាមច្រករបៀង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងអណាធិបតេយ្យ ជាពិសេសនៅច្រកដា ដែលធ្វើឲ្យរោងចក្រកែច្នៃឈើក្នុងស្រុក គ្មានឈើចូលរោងចក្រសម្រាប់កែច្នៃ ចំណែកកម្មករ គ្មានការងារធ្វើ និងបាត់បង់ចំណូលពន្ធរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ អ្នករកស៊ីកែច្នៃឈើកៅស៊ូក្នុងស្រុក ក៏បានដាក់លិខិតសុំអន្ដរាគមន៍មួយផ្សេងទៀត ជូនអភិបាលខេត្តត្បូងឃ្មុំ ដើម្បីមានចំណាត់ការ ប៉ុន្ដែនៅតែមិនទាន់ទទួលបានប្រសិទ្ធភាពនៅឡើយ។
យោងតាមការលើកឡើងរបស់អ្នករកស៊ីក្នុងស្រុកបានបង្ហាញថា ក្រុមឈ្មួញវៀតណាម ដែលសម្រុកដឹកមួយថ្ងៃៗមិនតិចជាង១០០រថយន្ដធុនធំ គឺពួកគេបានរួចផុតពីការបង់ពន្ធជូនរដ្ឋ ដែលធ្វើឲ្យមានការចំណេញយ៉ាងខ្លាំង ខណៈដែលអ្នកដែលរកស៊ីសុំច្បាប់ត្រឹមត្រូវ ត្រូវបង់ពន្ធជូនរដ្ឋអស់ជាច្រើន ដែលគ្មានលទ្ធភាពទៅប្រកួតប្រជែង ជាមួយក្រុមឈ្មួញវៀតណាមទាំងនោះ៕