(ស្ទឹងត្រែង)៖ ពូជស្រូវស្រាលប្រភេទអ៉ីអ៊ែ៥០៤ ចំនួន៦៧០០គីឡូក្រាម និងពូជដំណាំពីរប្រភេទ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង យកទៅចែកជូនប្រជាពលរដ្ឋចំនួន១៣៤គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងរដូវវស្សាកន្លងទៅ ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ពិធីចែកពូជស្រូវ និងពូជដំណាំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ដែលមានការចូលរួមដោយលោក ញ៉ែម សារី អភិបាលរងខេត្ត លោកមេឃុំស្តៅ តំណាងមន្ទីរកសិកម្ម និងកម្លាំងប្រដាប់អាវុធផងដែរ។
បើតាមមន្ត្រីកសិកម្មស្រុកសេសាន បានឲ្យដឹងថា ស្រូវពូជប្រភេទអ៉ីអ៊ែនេះ ធ្វើកសិកម្មមិនប្រកាន់រដូវប្រាំង ឬរដូវវស្សានោះទេ ហើយស្រូវពូជប្រភេទអ៉ីអ៊ែ៥០៤នេះ អាចឲ្យផលតែក្នុងរយ:ពេល១០៥ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីសាបព្រូស រហូតដល់ច្រូតកាត់។
លោក ញ៉ែម សារី បានណែនាំប្រជាពលរដ្ឋទាំងត្រូវខិតខំបង្កបង្កើនផល ចៀសវាងខ្វះស្បៀង ទៅឆ្នាំក្រោយទៀត ហើយត្រូវថែរក្សាស្រូវពូជនេះឲ្យបានល្អ កុំយកទៅកិនបរិភោគ ឬយកទៅលក់ ក្នុងគ្រាដែលខ្វះស្បៀង បើទោះណាក្នុងកាលៈទេសៈនេះ កំពុងតែខ្វះខាតស្បៀងយ៉ាងណាក៏ដោយ៕