(សៀមរាប)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការថ្មីរបស់ខ្លួន ដែលស្ថិតនៅសូនច្បារព្រះរាជដំណាក់ នាបណ្ដោយដងស្ទឹងសៀមរាប រួមនិងសមិទ្ធិផលដែលជាប៉ុស្តិ៍យាម (Police Box) ចំនួន៦ទៀត ក្រោមវត្តមានរបស់ លោក សៀង ណាំ តំណាងនៃមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាលអង្គរ, លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

លោកវរៈសេនីយឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានគូសបញ្ជាក់ថា ទីតាំងស្នាក់ការថ្មីនេះ បានមកពីការអនុញ្ញាតិ និងផ្ដល់ជូនដោយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ ចំពោះថវិកាជួសជុល និងសាងសង់បានមកពីការសម្របសម្រួលដោយលោក សៀង ណាំ ក្នុងនោះស្នាក់ការចំណាយថវិកាអស់ ១១,៥៤៥ដុល្លារអាមេរិក និងប៉ុស្តិ៍យាមចំណាយអស់ ៣,៩០០ដុល្លារអាមេរិក សរុប១៥,៤៤៥ដុល្លារអាមេរិក ។

លោកបានគូសបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់ចរាចរណ៍ សរុបចំនួន៥៨ករណី ក្នុងនោះមានជនងរគ្រោះរហូតដល់ស្លាប់៧១នាក់, របួសធ្ងន់៤៣នាក់, របួសស្រាល៥១នាក់។ លោកបន្ថែមថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ គឺដោយសារការបើកបរក្នុងល្បឿនលឿន៤១%, បើកបរប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៩%, បត់ឆ្វេង/ស្តាំមិនប្រយត្ន័១៩%, បើកបរក្នុងពេលស្រវឹង៣%, បើកបរក្នុងពេលងងុយដេក៥%, បែកកង់២%, ខូចចង្កូត២%, មិនប្រកាន់ស្តាំ១៧%, និងដោយមូលហេតុផ្សេងៗទៀត ផងដែរ។

ចំពោះជនរងគ្រោះចរាចរណ៍ផ្លូវគោក ដែលបណ្តាលឲ្យស្លាប់ ក្នុង៩ខែនេះ គឺចាប់ពីអាយុ១ឆ្នាំដល់១៧ មាន១៣នាក់, អាយុ១៨ឆ្នាំ ដល់៤៥ មាន៤១នាក់, និងអាយុ៤៦ឡើង មាន១៧នាក់ ហើយអ្នកដែលបានស្លាប់ទាំងនោះ គឺជាអ្នកថ្មើជើង២នាក់, បើកបររថយន្ត៣នាក់, បើកបរម៉ូតូ៣២នាក់, ធ្វើដំណើរតាមរថយន្ត៧នាក់, ធ្វើដំណើរដោយម៉ូតូ២២នាក់ និងផ្សេងៗ៥នាក់។

លោកបន្ថែមថា ចំពោះលទ្ធផលអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ៩ខែនេះ គឺបានចំនួន១០,៤៨២ករណី មានដូចជា៖ មិនប្រើប្រាស់មួកសុវត្ថិភាព ៤,៩០៧ករណី, មិនដាក់កញ្ចក់មើលក្រោយ ១,៧២១ករណី, មិនគោរពសញ្ញាចរាចរណ៍ និងភ្លើងសញ្ញា ៦៤៨ករណី, មិនប្រើប្រាស់ខ្សែក្រវ៉ាត់ ៨២៨ករណី, និងការប្រើប្រាស់ល្បឿនលើស ២,៣៧៨ករណី៕