(ភ្នំពេញ)៖ ការតាំងពិព័រណ៍អន្តរជាតិវិស័យកសិកម្ម ចំណីសត្វ និងបសុសត្វ​ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែវិចិ្ឆកាកន្លងមកនេះ បានប្រារព្ធធ្វើឡើង ដោយមានការចូលរួម​ពីសំណាក់លោក វ៉េង សាខុន រដ្ឋមន្រ្តី​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានវត្តមានរបស់រាជរដ្ឋាភិបាល ជាន់ខ្ពស់ជាច្រើនរូប ម្ចាស់ក្រុមហ៊ុននានា ដែលដាក់តំាងបង្ហាញក្នុងការតំាងពិព័រណ៍ អ្នកសារព័ត៌មាន និងអ្នកចូលរួមជាង៣ ០០០នាក់។

កម្មវិធីតំាងពិព័រណ៍នេះ បានរៀបចំឡើងដើម្បីគាំទ្រ នូវវិស័យកសិឧស្សាហកម្ម។ រង្វាន់ទំាង នេះ គឺមានពានរង្វាន់ និងវិញ្ញាបនបត្រចំនួន១២ប្រភេទផ្សេងៗគ្នា ដែលផ្តោតសំខាន់ពីឧស្សាហកម្ម ដូចជាផលិកម្មចិញ្ចឹមសត្វ ការគ្រប់គ្រងកសិដ្ឋាន ការបង្កាត់ពូជសត្វ ស៊ុត ផលិតកម្មទឹកដោះគោ ការកែច្នៃសត្វជាដើម។

លោក វ៉េង សាខុន រដ្ឋមន្រ្តី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា​ «ភាពអភិវឌ្ឍនៃវិស័យកសិកម្ម ​និង វិស័យកសិដ្ឋានចិញ្ចឹមសត្វ ត្រូវបានព្យាករណ៍ថា មានកំណើនល្អ ដោយសារមានកំណើននៃការចិញ្ចឹមគោ និងការចិញ្ចឹមមាន់តាមបែបធម្មជាតិ ព្រមទំាងកំណើនផលិតកម្មជ្រូក ដែលមានការវិនិយោគបើកទូលាយពីបរទេស»

លោកថ្លែងថា​ «យើងបានផ្តោតសំខាន់លើការរៀបចំច្បាប់ក្របខណ្ឌយុទ្ធសាស្រ្ត ការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍការបង្កាត់ពូជ ការចិញ្ចឹមសត្វនិងសុខភាពសត្វ និងការលើកទឹកចិត្តការវិនិយោគជាទ្រង់ទ្រាយធំ និងមធ្យមក្នុងការផលិតចំណីសត្វ ដើម្បីគាំទ្រការចិញ្ចឹមសត្វ ការបង្កាត់ពូជ និងការផ្សព្វផ្សាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសាច់ និងផលិតកម្មសត្វដែលចេះតែកើនឡើង ស្របទៅនឹងកំណើនប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ និងលើកកម្ពស់ជីវភាពកសិករចិញ្ចឹមសត្វនៅជនបទ»

ក្រុមហ៊ុនស៊ី.ភី នៅកម្ពុជា ដែលជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យកសិឧស្សាហកម្ម និងចំណីអាហារបានសង្កត់ធ្ងន់ លើភាពជោគជ័យក្នុងនាមជាអ្នកដឹកនាំ នៃវិស័យកសិកម្មនៃប្រទេសកម្ពុជា ផ្នែកចំណីសត្វ និងចិញ្ចឹមសត្វតាមរយៈការទទួលបានពានរង្វាន់ចំនួនបីប្រភេទ ដូចជាពាន «Most Outstanding Feed Producer» ពាន«Most Outstanding Integrator» និងពាន«Most Outstanding Meat Processor»។

ក្រុមហ៊ុននេះរួមបញ្ចូលការផលិតចំណីសត្វ ការបង្កាត់ពូជសត្វ កសិដ្ឋានបង្កាត់ពូជសត្វនិងចិញ្ចឹមសត្វ ការកែច្នៃសាច់ការផលិតសាច់ឆ្អិនពាក់កណ្តាលសម្រេច និង ផលិតផលអាហារឆ្អិនស្រាប់។ ក្រុមហ៊ុន មានគោលបំណងផលិតម្ហួប អាហារដែលមានគុណភាព និងមានសុវត្ថិភាពខ្ពស់បំផុត។ ក្រុមហ៊ុន ស៊ី.ភី បានធ្វើការយ៉ាងសកម្មជាមួយកសិករកម្ពុជាជាង១ ០០០នាក់នៅទូទាំង២៥ខេត្ត ក្រុងក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា។

លោក Wittaya Kreangkriwit អង្គនាយករងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភីដែលទទួលពាន «Most Outstanding Feed Producer» មានប្រសាសន៍ថា​ «យើងមានអារម្មណ៍សប្បាយរីករាយ ដែលក្រុមហ៊ុនបានទទួលពានចំនួន៣ ក្នុងចំណោមពានទាំង១២។ ហើយក្រុមហ៊ុននៅតែបន្ត ក្នុងការចូលរួមជាមួយបងប្អូនកសិករ ដើម្បីបន្តអភិវឌ្ឍន៍ផ្នែកកសិកម្ម ចំណីសត្វ និងបសុសត្វនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព»។

ពានរង្វាន់ទំាងនេះ បានបង្ហាញពីជំនាញវិជ្ជាជីវៈយ៉ាងល្អិតល្អន់ របស់ក្រុមហ៊ុនស៊ី.ភី ក្នុងការអភិវឌ្ឍអាជីវកម្ម​កសិឧស្សាហកម្ម និងចំណីអាហារ ដើម្បីធានាគុណភាពដល់អតិថិជន ក្នុងការទទួលបានផលិតផលល្អបំផុត និងរស់នៅប្រកបដោយសុខភាពល្អ សប្បាយរីករាយជាមួយនឹងជីវភាពរស់នៅ ដែលពួកគេកំពុងសុបិន្តក្រោមគំនិត «រសជាតិឆ្ងាញ់ គុណភាពល្អ»។

សម្ព័ន្ធក្រុមហ៊ុន ចារើនភោគផាន់អាហារចំកាត់(CPF) គឺជាសម្ព័ន្ធក្រុមហ៊ុន​មួយ ដែលឈានមុខគេផ្នែកកសិឧស្សាហកម្ម និងចំណីអាហារដែលដំណើរការអាជីវកម្ម ជាលក្ខណៈបែបបណ្តាញបែកចែកសាខា និងបានដំណើរការអាជីវកម្មនៅ១៦ប្រទេស ជុំវិញពិភពលោកដែលមានការនំាចេញ ពីប្រទេសថៃទៅកាន់ប្រទេសផ្សេងៗ ជាង៣០ប្រទេស សម្រាប់ផ្តត់ផ្គង់ដល់អ្នកបរិភោគ ជាង៤ពាន់លានអ្នកជុំវិញពិភពលោក៕