(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯករជនសហការគ្នាឱ្យបានល្អ ក្នុងការទប់ស្កាត់ឱសថក្លែងក្លាយ។ សម្តេចបានលើកឡើងថា ប្រើសិនបើមានការខ្វះខាតកិច្ចសហប្រតិបត្តិការណាមួយនោះ គឺបានធ្វ្វើឱ្យការអនុវត្តវិធានការបង្រ្កាបឱសថក្លែងក្លាយមិនទទួលបានប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។
សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖ «បើសិនជាខ្វះចន្លោះនូវកិច្ចសហប្រតិបត្តិការណាមួយ យើងមិនអាចទប់ទល់នឹងឃាតករលាក់មុខនេះបានទេ ហើយក្នុងនោះមួយផ្នែកធំ គឺជាឱសថហួសកាលកំណត់ នៃការប្រើប្រាស់ ដែលលក់ចែកចាយ ទៅគ្រប់ទីកន្លែង ហើយប្រជាជនខ្វះការយល់ដឹង»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នាពេលកន្លងទៅ ដោយសារការខ្វះខាតនូវកិច្ចសហប្រតិបត្តិការរបស់វិស័យពាក់ព័ន្ធនេះហើយ បានធ្វើឱ្យក្រសួងសុខាភិបាលមានការពិបាក ព្រមទាំងចាញ់ក្តីឈ្មួញនាំឱសថក្លែងក្លាយនៅតុលាការ។ សម្តេចបន្តថា ពេលក្រសួងសុខាភិបាល ចុះចាប់ឱសថក្លែងក្លាយ ត្រូវបានឈ្មួញអះអាងថា ពួកគេនាំចូលស្របច្បាប់ដោយសារតែរដ្ឋបានយកពន្ធពីពួកគេ ដូច្នេះពេលឡើងតស៊ូមតិនៅតុលាការ គឺក្រសួងសុខាភិបាលតែងតែចាញ់អ្នកលក់ឱសថជាញឹកញាប់។
សម្តេចបានបញ្ជាក់ថា៖ «ចំណុចទាំងនេះ គឺជាកង្វះខាតកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខ្លួនឯង ដូច្នេះហើយបានជាក្រោយមក បង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ»។
សម្តេចក៏បានសង្កត់ធ្ងន់ផងដែរថា កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន គឺមានសារសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបឱសថក្លែងក្លាយ៕