(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់កុមារ ក្នុងការកាត់បន្ថយអត្រានៃការស្លាប់នៅក្នុងប្រទេសកម្ពុជា តាមវីរភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា បាននាំយកថវិកា ២០លានរៀល ជួយឧបត្ថម្ភដល់មន្ទីររពេទ្យគន្ធបុប្ផា ដើម្បីជួយសម្រួលដល់ការព្យាបាលរបស់កុមារ។
ពិធីប្រគល់ប្រាក់មូលនិធិជូនមន្ទីររពេទ្យគន្ធបុប្ផានេះ ធ្វើឡើងក្រោមអធិបតីលោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា តំណាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាល មូលនិធិគន្ធបុប្ផាកម្ពុជា និងលោក មឿន សម្បត្តិ អគ្គនាយកក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា អ៊ិចប្រេស រួមទាំងបុគ្គលិកនៃក្រុមហ៊ុនឡារីតា ជាច្រើនអ្នកផងដែរ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។
លោក នង ពិសិដ្ឋ បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន ឡារីតា ដឹកអ្នកដំណើរដែលបាននាំយកថវិកាមូលនិធិចំនួន២០លានរៀលនេះ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការទ្រទ្រង់មន្ទីរពេទ្យមួយនេះ ឱ្យមាននិរន្តភាពដំណើរការជារៀងរហូតទៅ ដោយពីមុន គឺមានលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិកមន្ទីររពេទ្យគន្ធបុប្ផា ដែលតែងតែបានជួយរកមូលនិធិជួយដល់មន្ទីរពេទ្យ ប៉ុន្តែនៅពេលនេះ លោកបានទទួលមរណភាពបាត់ទៅហើយ ក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។
លោកបានបញ្ជាក់ទៀតថា នៅពេនេះ លោកវេជ្ជបណ្ឌិត Beat Richner បានទម្លាក់បន្ទុកនេះមកឱ្យពួកយើងហើយ ដូច្នេះយើងមានតែជួយគ្នាហើយ ទោះតិចក្តី ច្រើនក្តី យើងត្រូវតែជួយគ្នាដើម្បីធ្វើយ៉ាងណា កុំឱ្យមន្ទីរពេទ្យមួយនេះបាត់បង់ទៅវិញ ហើយថ្ងៃនេះគឺពិតជាពិសេសវិសាលណាស់ ដែលក្រុមហ៊ុន ឡារីតា បានពាំនាំនូវមូលនិធិយកមកដល់មន្ទីរពេទ្យតែម្តង ហើយក៏សុំឱ្យវប្បធម៍នៃការចែករំលែកនេះ បានរីកសុះសាយបន្តទៀត និងសុំឱ្យការបរិច្ចាកពីសំណាក់សប្បុរសជន និងក្រុមហ៊ុនឡារីតានេះ នៅមានបន្តលើកក្រោយៗ ទៀតផងដែរ។
លោក មួន សម្បត្តិ បានឱ្យដឹងដែរថា ការចូលរួមមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា គឺជាលើកទី២ហើយ សម្រាប់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ឡារីតា ហើយការចូលរួមមូលនិធិនៅថ្ងៃនេះ គឺដើម្បីចូលរួមចំណែក ក្នុងការជួយលើកស្ទួយសុខុមាភាពកុមារនៅកម្ពុជា និងជាការជួយទ្រទ្រង់មន្ទីរពេទ្យនេះ ឱ្យមាននិរន្តភាព កាន់តែយូរអង្វែងតទៅមុខទៀត ព្រោះមន្ទីរពេទ្យគន្ធបុប្ផានេះ គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជួយសង្គ្រោះដល់កុមារនៅកម្ពុជា ដែលកុមារទូទាំងខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា បានមកសម្រាកព្យាបាលដោយឥតគិតថ្លៃ ហើយចំពោះកាព្យាបាល គឺប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយមន្ទីរពេទ្យនេះ ក៏បានចូលរួមចំណែកកាត់បន្ថយ អត្រាស្លាប់របស់កុមារបានចំនួនយ៉ាងច្រើនផងដែរ។
លោកបញ្ជាក់ទៀតថា សម្រាប់វីរភាពដ៏ធំធេងរបស់លោកវេជ្ជបណ្ឌិត Beat Richner យើងទាំងអស់គ្នាពិតជាទទួលស្គាល់ និងសូមកោតសរសើរណាស់ ពីព្រោះតែស្ទើរតែពេញមួយជីវិតរបស់លោកផ្ទាល់ គឺបានលះបង់ដើម្បីកុមារ នៅក្នុងប្រទេសកម្ពុជាយើង ហើយមកដល់ពេលនេះ ទោះបីជាលោកបណ្ឌិតបានបាត់បង់ជីវិតហើយក្តី ក៏ការចង់ចាំ ការំលឹកនឹកគុណពីការលះបង់របស់លោក ក្នុងការជួយដល់កុមារកម្ពុជានេះ គឺពិតជាធំធេងណាស់ ដែលស្ទើរតែរកអ្វីមកប្រៀបផ្ទឹមពុំបាន ហើយយើងទាំងអស់គ្នានឹងចូលរួមចំណែក បន្តនូវស្នាដៃរបស់គាត់ឱ្យបានបន្តនូវនិរន្តភាព តទៅមុខទៀត។
លោកក៏បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ចូលរួមចំណែក ក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជានេះ អាចចូលរួមទាំងអស់គ្នា ទៅតាមលទ្ធភាពដែលខ្លួនមាន នៅក្នុងប្រអប់មូលនិធិនៅមន្ទីរពេទ្យគន្ធបុប្ផាតែម្តង ឫក៏អាចចូលរួមតាមប្រអប់មូលនិធិគន្ធបុប្ផា នៅតាមសាខា របស់រថយន្តដឹងអ្នកដំណើរឡារីតា ដែលមាននៅគ្រប់សាខាទាំងអស់ផងដែរ៕