(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជូនដំណឹងថា គេហទំព័ររបស់ក្រុមហ៊ុន www.csx.com.kh និងប្រព័ន្ធជួញដូរចល័ត (MTS) https://mts.csx.com.kh កំពុងជួបប្រទះនូវភាពរអាក់រអួលផ្នែកបច្ចេកទេស។ ដូច្នេះ ជាបណ្តោះអាសន្ន អ្នកប្រើប្រាស់អាចនឹងជួបប្រទះការលំបាក ឬមិនអាចចូលទៅកាន់ប្រព័ន្ធទាំងពីរនេះ។
តាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបានឲ្យដឹងថា ភាពរអាក់រអួលនេះ មិនប៉ះពាល់ដល់ប្រព័ន្ធជួញដូរនោះទេ។ វិនិយោគិន នៅតែអាចដាក់បញ្ជាតាមរយៈក្រុមហ៊ុនមូលបត្ររបស់ខ្លួន ទៅកាន់ប្រព័ន្ធជួញដូររបស់ផ្សារមូលបត្រ ហើយការជួញដូរប្រព្រឹត្តទៅជាធម្មតា។
ជាមួយគ្នានេះ ក្រុមការងាររបស់ក្រុមហ៊ុនផ្សារមូលបត្រ បាននឹងកំពុងព្យាយាមដោះស្រាយបញ្ហានេះ ឲ្យបានឆាប់រហ័សបំផុត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនសូមអភ័យទោស និងស្នើសុំការអធ្យាស្រ័យចំពោះភាពរអាក់រអួលនេះផងដែរ៕