(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា ឱសថក្លែងក្លាយ​កំពុងចរាចរណ៍យ៉ាងសកម្ម នៅតាមទីផ្សារអនឡាញ ដែលស្រដៀងទៅនឹងឱសថពិតប្រាកដ ជាហេតុនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធពិបាកគ្រប់គ្រង។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅ​សណ្ឋាគារសូហ្វីតែលភូគីត្រា នាព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បាន​ផ្តល់អនុសាសន៍ផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរ ដល់ជនល្មើសដែលចរាចរណ៍ឱសថក្លែងក្លាយ។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចុប្បន្នបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាល គួរឲ្យព្រួយបារម្ភ ក្នុងនោះ ផលិតផលឱសថមួយចំនួនកំពុងធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលជាឱសថគ្មានប្រភពច្បាស់លាស់ ក្លែងក្លាយ ហើយស្រដៀងទៅនឹងឱសថពិត​ដែលធ្វើឲ្យអាជ្ញាធរពិបាកគ្រប់គ្រង»

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចថា ការរីករាលដាលឱសថក្លែងក្លាយនេះ អាចបណ្ដាលមកពីកត្ដាជាច្រើន រួមមាន តម្លៃឱសថពិតប្រាកដ និងត្រឹមត្រូវមានតម្លៃខ្ពស់, យន្ដការនៃការគ្រប់គ្រងឱសថក្នុងពេលផលិត និងចរាចរណ៍នៅលើទីផ្សារមិនមានប្រសិទ្ធភាព, ការបណ្ដុះបណ្ដាលមន្ដ្រីសុខាភិបាល ស្ដីពីជំនាញត្រួតពិនិត្យគុណភាពឱសថ ព្រមទាំងការផ្សព្វផ្សាយដល់ប្រជាជនឲ្យបានយល់ដឹងពីឱសថក្លែងក្លាយ និងការត្រួតពិនិត្យឱសថ ដោយសមត្ថកិច្ចនៅមានកម្រិត។

បើតាមប្រសាសន៍របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី កត្ដាទាំងអស់នេះ បានផ្ដល់ឱកាសឲ្យពួកឧក្រិដ្ឋជនអាចកេងយកប្រយោជន៍ពីសង្គមជាតិ ហើយបានគំរាមកាន់តែធ្ងន់ធ្ងរដល់សុខមាលភាព និងអាយុជីវិតរបស់ប្រជាជន។

សម្ដេចបានសង្កត់ធ្ងន់ថា វិសាលភាព​នៃគ្រោះថ្នាក់ និងផលប៉ះពាល់ជាអវិជ្ជមានទាំងអស់នេះ បានជំរុញកម្ពុជាឲ្យកាន់តែយកចិត្តទុកដាក់ខ្ពស់ និងរៀបចំឡើងនូវយន្ដការ និងវិធានការនានា សម្ដៅថែរក្សាសុខមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពី​ការចរាចរណ៍ឱសថក្លែងក្លាយនេះ។

ជាក់ស្ដែងនៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានបន្ដអនុវត្តកិច្ចការសំខាន់ៗ មួយចំនួន ក្នុងវិស័យសុខាភិបាល រួមមាន ទី១៖ជំរុញការអនុវត្ត និងធ្វើបច្ចុប្បន្នកម្ម ផែនការយុទ្ធសាស្ដ្រសុខាភិបាល ២០១៦-២០២០ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមធម៌នៃសេវាសុខភាព, ទី២៖ជំរុញវិសាលភាពគ្រប់ដណ្ដប់សុខភាពសកលនៅកម្ពុជា, ទី៣៖លើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពសេវាសុខភាព ពិសេសសេវាសង្គ្រោះបន្ទាន់ ដោយបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបច្ចេកវិទ្យាវិទ្យាសាស្ដ្រ, ទី៤៖ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រង ត្រួតពិនិត្យគុណភាពផលិតផល​ឱសថ ការប្រើប្រាស់ឱសថដោយគ្មានវិជ្ជបញ្ជា ការប្រើសារធាតុគីមីក្នុងចំណីអាហារ និងគ្រឿងស្រវឹង និងថ្នាំជក់ជាដើម៕​