(ព្រះវិហារ)៖ តាមការចង្អុលណែនាំពីលោកទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បាននិងកំពុងធ្វើសកម្មភាពជួលជុល ថែទាំផ្លូវក្រាលគ្រួសក្រហម និងផ្លូវកៅស៊ូយ៉ាងសកម្មនៅទូទាំងខេត្ត ដើម្បីធ្វើយ៉ាងណាជួយសម្រួល ដល់ការធ្វើចរាចរណ៍របស់បងប្អូន ប្រជាពលរដ្ឋបានស្រួល។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ការជួលជុល ថែទាំផ្លូវក្រាលគ្រួសក្រហម និងផ្លូវកៅស៊ូ ក្រុមការងាររបស់មន្ទីរ បានចែកចេញជាច្រើនក្រុម ក្នុងនោះ មួយក្រុម បាននិងកំពុងជួលជុល និងថែទាំផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដែលជាផ្លូវ ក្នុងតំបន់ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា ជាមួយទ័ពសៀមកាលពីអំឡុងឆ្នាំ២០០៨កន្លងមក។
លោកបញ្ជាក់ថា «កំណាត់ផ្លូវនេះ បានកើតឡើងក្នុងឆ្នាំ២០០៨ មានប្រវែង៩គីឡូម៉ែត្រ និង៥០០ម៉ែត្រ ដោយចាប់ពីផ្លូវ២៥, ២៦ ទៅដល់ជាប់និងជើងភ្នំទ្រព្យ វាលឥន្ត្រីនិងតាស៊ឹម»។
លោកបន្តថា កំណាត់ផ្លូវនេះត្រូវជួលជុល ថែទាំដោយចាក់គ្រួសក្រហមបំពេញគ្រលុកសំបុកមាន់ កៀរ និងកិនបង្ហាប់ឲ្យល្អ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍បានស្រួល។ ចំណែកមួយក្រុមទៀត ស្របពេលជាមួយគ្នានេះ ក៏បាននិងកំពុងធ្វើសកម្មភាពថែទាំផងដែរ នោះគឺផ្លូវជាតិលេខ៦២ ស្ថិតនៅគីឡូម៉ែត្រ១៧៦+៨០០ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយស្រោចកៅស៊ូលុបស្នាមប្រេះ ស្រុត និងធ្វើផ្ទៃផ្លូវឲ្យរាបស្មើ។
លោកបញ្ជាក់ថា «ចំពោះផ្លូវដែលទទួលរងការខូចខាតខាងលើនេះ បើយើងមិនប្រញ៉ាប់ជួលជុល ថែទាំទេវានឹងទទួលរងការខូចខាតធ្ងន់ធ្ងរជាងនេះ។ ដូច្នេះហើយទើបក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តតម្រួវឲ្យការថែទាំជាប្រចាំ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៦២ មានប្រវែងជាង១០០គីឡូម៉ែត្រ ដោយចាប់ពីប្រាសាទព្រះវិហារ ដល់ទីរួមខេត្តព្រះវិហារ និងបន្តទៅដល់ខេត្តកំពង់ធំ៕