(ភ្នំពេញ)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងប្រតិភូ បានអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងចរាចរ (PC Lutece) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីសិក្សាស្វែងយល់ និងដកពិសោធន៍លើការគ្រប់គ្រងចរាចរណ៍ ក្នុងទីក្រុងសំរាប់រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងការដំឡើង មជ្ឈមណ្ឌលគ្រប់គ្រង ចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលស្ថិតក្នុងអគាររដ្ឋបាលរាជធានីភ្នំពេញតែម្តង។
លោក ឃួង ស្រេង បានលើកឡើងដែរថា រាជធានីភ្នំពេញ សូមស្វាគមន៍ចំពោះការជួយឧបត្ថម្ភពីទីក្រុងប៉ារីស ជាពិសេស លើការកែលំអរប្រព័ន្ធចរាចរណ៍ឲ្យកាន់តែប្រសើរឡើង យើងស្វាគមន៍គ្រប់ដៃគូអភិវឌ្ឍន៍។
លោកបន្តថា «ក្នុងនាមអជ្ញាធររាជធានីភ្នំពេញ យើងនឹងបន្តពង្រឹងបន្ថែមនូវកិច្ចសហការគាំទ្រ សម្របសម្រួល និងគាំពារផលប្រយោជន៍ស្របច្បាប់ ដល់ក្រុមហ៊ុនបារាំងទាំងអស់ ដែលបានមកវិនិយោគនៅរាជធានីភ្នំពេញ ដើម្បីឲ្យការវិនិយោគប្រព្រឹត្តទៅបានងាយស្រួល និងឆាប់រហស័។ យើងជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន កម្ពុជានឹងបន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចដោយរក្សាបាននូវ ស្ថេរភាព និងសន្តិភាពដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ផ្នែកវិនិយោគ និងពាណិជ្ជកម្ម»។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ក្នុងដំណើរឆ្ពោះទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៣៨ របស់សមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសារបារាំង (AIMF) ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨៕