(ភ្នំពេញ)៖ ​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់ របស់គណៈកម្មការអ​ន្ដរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោយឈ្នះឈ្នះ។

ក្នុងពិធីប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន និងសមាជិកអនុគណៈកម្មការ ព្រមទាំង​លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបថា ​វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននិងកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។

ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមាន ជាប្រវត្តិសាស្រ្តមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕