(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាវិនិយោគិនក្នុងស្រុក និងបរទេស​ មានទំនុកចិត្តកាន់តែខ្លាំងឡើងៗ ពីមួយអាណត្តិទៅមួយអាណត្តិ។

តាមរយៈវីដេអូជាង១៦នាទី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា សន្ដិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ គឺជាកត្ដាសំខាន់ទាំងបី ដែលជាដើមចម និងគ្រឹះដែលធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគទុនមានទំនុកចិត្តប្រកបដោយភាពច្បាស់លាស់បំផុត ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

អ្នកវិនិយោគទុនទាំងក្នុងស្រុក និងបរទេស ក៏មានទំនុកចិត្តយ៉ាងរឹងមាំថា ប្រទេសដែលធ្លាប់តែរងគ្រោះបែកបាក់ ញ៉ាំញីដោយភ្លើងសង្គ្រាម និងដោយរបបប្រល័យពូជសាសន៍យ៉ាងរង្គាលមួយនេះ បាននិងកំពុងក្លាយជាគោលដៅនៃការវិនិយោគដ៏មានសក្ដានុពលមួយ នៅអាស៊ី ហើយអារម្មណ៍កក់ក្ដៅ និងពោរពេញដោយក្ដីសង្ឃឹមនេះហើយ ដែលបានជំរុញឲ្យប្រទេសកម្ពុជា កំពុងក្លាយជាទីឋានសម្រាប់ការរស់នៅប្រកបដោយភាពសុខសាន្ដ ចម្រុងចម្រើន និងជាឱកាសនៃការវិនិយោគលើគ្រប់វិស័យ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាកថា ដើម្បីទាក់ទាញការវិនិយោគចូលមកក្នុងប្រទេសកម្ពុជា គឺជំនឿទុកចិត្ត ហើយបញ្ហាជំនឿទុកចិត្តជាបញ្ហាចម្បង ​ដែលចាប់ផ្ដើមពីជំនឿទុកចិត្តទៅលើ សន្ដិភាព និងស្ថិរភាពខាងនយោបាយ ដែលចំណុចនេះ ជាចំណុច​ត្រូវទាមទារមុនគេបំផុត៕

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖​