(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព ដូចសព្វថ្ងៃនេះទេ ជាតិទាំងមូលក៏គ្មានការអភិវឌ្ឍរីកចម្រើន ហើយប្រជាពលរដ្ឋក៏មិនបានរស់នៅ ប្រកបរបរទទួលទាន និងមានក្ដីសុខដូចពេលបច្ចុប្បន្នដែរ។
ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចុះពិនិត្យសំណង់ព្រះវិហារថ្មី វត្តពៅវើយ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រស់នៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកបានលើកឡើងថា គ្មានពេលណាដែលពលរដ្ឋរស់នៅ ប្រកបដោយសេចក្ដីសុខ និងមានឱកាសបានរួមរួមសាមគ្គីគ្នា កសាងសមិទ្ធផលនានានោះឡើយ ប្រសិនបើគ្មានសុខសន្ដិភាព។ ជាក់ស្ដែង រាល់សមិទ្ធផលដែលកើតមាន នៅក្នុងឃុំពាមបាងនាពេលនេះ ជាសក្ខីភាពស្រាប់ទោះតំបន់នេះ ស្ថិតនៅក្នុងតំបន់ដាច់ស្រយាល នៅលើផ្ទៃបឹងទន្លេសាបឆ្ងាយពីគេយ៉ាងក៏ដោយ ក៏នៅតែទទួលបានសមិទ្ធផលដូចតំបន់ដទៃទៀត។
លោកបន្ដទៀតថា ដើម្បីបន្ដថែរក្សាសុខសន្ដិភាព ពលរដ្ឋទាំងអស់ត្រូវបន្តរួមសាមគ្គី ថែរក្សាការពារសន្តិភាព បានរឹងមាំជាបន្តទៀត ដើម្បីឲ្ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន សម្បូររុងរឿង។
លោក អ៊ុច សុខា មេឃុំពាមបាង បានបញ្ជាក់ថា ឃុំពាមបាងជាឃុំនៅដាច់ស្រយាលពីតំបន់ផ្សេង ដូច្នេះដើម្បីទៅដល់ទីនោះ ត្រូវធ្វើដំណើរតាមការណូតរយៈពេល២ម៉ោង ហើយប្រជាពលរដ្ឋជាង៦៧០គ្រួសាររស់នៅឃុំនោះ ប្រកបរបរនេសាទ។
លោកបញ្ជាក់ទៀតថា ដោយឡែកព្រះវិហារថ្មី វត្តពៅវើយដែលជាអំណោយរបស់សម្ដេចជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រគល់ជូនប្រជាពលរដ្ឋតាមរយៈលោក ជា ចាន់តូ នាពេលនេះកំពុងសាងសង់ សម្រេចបានប្រមាណ៤០%ហើយ៕