(សៀមរាប)៖ ដំណើរកម្សាន្តក្នុងព្រៃឧទ្យានអង្គរ គឺជាការផ្ដួចផ្ដើម ក្នុងការចូលរួមចំណែកបង្កើតឲ្យមាន នូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីៗ នៅខេត្តសៀមរាប និងតំបន់អង្គរ សំដៅទាក់ទាញ និងពន្យារពេល នៃការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើម្បីបង្កើនចំណូលថវិកាជាតិ។ ជាក់ស្តែង នាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិករទេសចរណ៍ បានចាប់ផ្តើមនាំភ្ញៀវទេសចរណ៍ ប្រមាណជា៣០០នាក់ ដើរកម្សាន្តក្នុងព្រៃឧទ្យានអង្គរ។
ចម្ងាយផ្លូវក្នុងព្រៃឧទ្យានអង្គរ ដែលត្រូវទស្សនានៅព្រឹកនេះ មានប្រមាណ១២គីឡូម៉ែត្រ ត្រូវបានក្រុមប្រតិបត្តិករទេសចរណ៍ និងភ្ញៀវប្រមាណជា៣០០នាក់ ចាប់ចេញពីចំណុចតំបន់ប្រាសាទព្រះខ័ន្ធ ឆ្លងកាត់ព្រៃតំបន់ប្រាសាទតាព្រហ្ម បញ្ចប់នៅរហាត់ទឹកស្ថានីយ៍បណ្តុះកូនឈើ (ស្ពានអង្គរ) ហើយការធ្វើដំណើរឆ្លងកាត់ជាលើកដំបូង នៅក្នុងកម្មវិធីដំណើរកំសាន្ត ក្នុងព្រៃឧទ្យានអង្គរ ត្រូវបានរៀបចំឡើងដោយ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA)។
កម្មវិធីមួយនេះ ត្រូវបានភ្ជាប់ជាមួយនឹងកម្មវិធីសំខាន់ៗចំនួន ២ផ្សេងទៀតរួមមាន៖ ការដាំកូនឈើនៅតាមគោលដៅចំនួន ៧កន្លែង ក្នុងតំបន់ឧទ្យានអង្គរ និងរៃអង្គាសថវិកាសប្បុរស ដើម្បីជួយទ្រទ្រង់ដល់កិច្ចដំណើរការនៃមន្ទីរពេទ្យកុមារអង្គរ (ខេត្តសៀមរាប) ដែលកំពុងប្រតិបត្តិការចលនាមនុស្សធម៌ ពិនិត្យព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ។
អ្នករៀបចំកម្មវិធី បានបញ្ជាក់ថា កម្មវិធីដំណើរកំសាន្តក្នុងព្រៃឧទ្យានអង្គរ គឺជាចំណុចចាប់ផ្តើម នៃការរៀបចំឲ្យមានផលិតផលទេសចរណ៍ថ្មីមួយទៀត ដោយផ្សារភ្ជាប់ជាមួយវង់ទស្សនាចរណ៍ប្រាង្គប្រាសាទ ។ នៅក្នុងព្រៃឧទ្យានអង្គរ នៅមានគោលដៅទស្សនាជាច្រើន ដែលភ្ញៀវទេសចរពុំធ្លាប់ឃើញ ហើយព្រៃធម្មជាតិទាំងនេះ គឺជាគម្របបៃតងនៃតំបន់ប្រាសាទ។
លោកស្រី ឆាយ ស៊ីវលីន ប្រធាន CATA បានឲ្យដឹងទៀតថា មុននេះ អង្គការ GIZ បានផ្សព្វផ្សាយកម្មវិធី (ទស្សនាសៀមរាបក្រៅពីប្រាសាទ) ក៏ជាផលិតផលទេសចរណ៍ថ្មីផងដែរ ដែលសំដៅឆ្ពោះទៅរមណីយដ្ឋាន និងសហគមន៍។ លោកស្រីថា សម្រាប់កម្មវិធីកំសាន្តក្នុងព្រៃឧទ្យានអង្គរ គឺជាកញ្ចប់ទស្សនកិច្ចថ្មីហើយប្លែក ព្រោះជាដំណើរនាំភ្ញៀវកំសាន្តក្នងព្រៃធម្មជាតិ ដើម្បីទៅទស្សនាប្រាង្គប្រាសាទបូរាណខ្មែរ។
ក្រុមប្រតិបត្តិករទេសចរណ៍ ដែលជាអ្នកដើរកំសាន្តក្នុងព្រៃឧទ្យានអង្គរ មានចំណាប់អារម្មណ៍ថា វាជាដំណើរទស្សនាកំសាន្តមួយដ៏មានសារៈប្រយោជន៍ ដែលមិនត្រឹមតែជាការចាប់ផ្តើមបង្កើតថ្មី ផលិតផលទេសចរណ៍ប៉ុណ្ណោះទេ តែសម្រាប់ពួកគេវាជាឱកាសនៃការស្គាល់គ្នា ជជែកគ្នាពីបទពិសោធន៍ពីគ្នាទៅវិញទៅមក ជួយឲ្យវិស័យទេសចរណ៍មាននិរន្តរភាព និងដើម្បីសុខភាពផងដែរ៕