(កំពង់ធំ)៖​ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោក អង្គ​វង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ របស់ប្រធានសាលាដំបូងខេត្តកំពង់ធំ ដោយលោក លាង សួគ៌ ជំនួសលោក ឃន សុកល ដែលត្រូវផ្ទេរឲ្យទៅកាន់តំណែងជា ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ។

ក្នុងពិធីនេះ​ ក៏មានការចូលរួមពី លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តប៉ៃលិន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្ទេរមុខតំណែងឲ្យទៅបម្រើការងារជា ប្រធានសាលាដំបូងខេត្តកំពង់ធំ ខណៈដែលលោក ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ ត្រូវបានផ្ទេរមុខតំណែងឲ្យទៅបម្រើការងារជា ប្រធានសាលាដំបូងខេត្តឧត្ដរមានជ័យវិញ៕​