(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានសម្ដែងការកោតសសើរ និងថ្លែងអំណរគុណដល់មូលនិធិធនាគារមេយប៊ែង ដែលបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលចំណេះដឹង ផ្នែកហិរញ្ញវត្ថុមានឈ្មោះថា Cashville Kidz។

លោកស្រីចាត់ទុកថា ការរៀបចំឲ្យមានកម្មវិធីនេះ ឡើងបានរួមចំណែកជួយបណ្ដុះបណ្ដាលជំនាញ ដល់ធនធានមនុស្សនៅកម្ពុជា។

ការលើកឡើងបែបនេះ របស់លោកស្រី ជា សិរី ធ្វើឡើងក្នុងឱកាសដែលលោកស្រី ចូលរួមក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ ឆ្នាំទី២ នៃកម្មវិធីបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ Cashville Kidz របស់មូលនិធិធនាគារមេយប៊ែងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកស្រី ជា សិរី បានឲ្យដឹងថា កម្មវិធី Cashville Kidz នេះបានរួមចំណែកផ្សព្វផ្សាយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការកសាងធនធានមនុស្សនៅកម្ពុជា ពិសេសកុមារៗដែលជាសិស្សានុសិស្ស។

ឆ្លៀតក្នុងឱកាសនោះលោកស្រីបានធ្វើការចែករំលែកពីកម្មវិធី អប់រំផ្នែកហិរញ្ញវត្ថុ NBC-Edu ដែលធនាគារជាតិបង្កើត និងដាក់ឲ្យប្រើប្រាស់ ព្រមទាំងអាចដោនឡូត ដោយឥតគិតថ្លៃតាមរយៈ App Store និង Play store ដែលមានរឿងអប់រំខ្លីៗចំនួន៦ និងសំណួរចំលើយពីចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ៕