(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយចំពោះការរៀបចំសន្និសីទថ្នាក់តំបន់ស្តីពីការ «ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្និសីទនេះមានសារៈសំខាន់ណាស់ ដោយបានផ្តល់ឱកាសឲ្យមានការរួមគ្នាប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាសាកល។
* សម្តេចតេជោ ហ៊ុន សែន ថា ឱសថមានសារៈសំខាន់សម្រាប់ព្យាបាលជំងឺ ប៉ុន្តែឱសថក្លែងក្លាយកំពុងក្លាយទៅជាការបង្កទុក្ខទោសដល់សុខភាពរបស់ប្រជាពលរដ្ឋ និងរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
* សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឱសថក្លែងក្លាយកំពុងចរាចរណ៍យ៉ាងសកម្មនៅតាមទីផ្សារអនឡាយ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឱសថក្លែងក្លាយនេះ មិនអាចប្រទេសណាមួយធ្វើតែឯងហើយទទួលបានជោគជ័យនោះទេ ពោលត្រូវមានការរួមសហការគ្នាឲ្យកាន់តែខ្លាំងក្លា។
* សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរដល់ជនល្មើសដែលចរាចរណ៍ឱសថក្លែងក្លាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កង្វះនៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នពាក់ព័ន្ធជាហេតុនាំឲ្យការអនុវត្តន៍វិធានការបង្រ្កាបឱសថក្លែងក្លាយមិនទទួលបានប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីទសវត្សរ៍ឆ្នាំ៨០ នៅពេលខាងសុខាភិបាលចុះទៅចាប់ឱសថក្លែងក្លាយ។ ខាងសុខាភិបាលតែងតែចាញ់អ្នកលក់ ព្រោះខាងផ្នែកពន្ធដា បានទៅយកពន្ធពីកន្លែងអ្នកលក់ឱសថទាំងនោះ ដែលជាហេតុធ្វើឲ្យអ្នកលក់លើកហេតុផលសំអាងថា ពួកគេមានភាពស្របច្បាប់។ ដូច្នេះពេលឡើងតស៊ូមតិនៅតុលាការ គឺក្រសួងសុខាភិបាលតែងតែចាញ់អ្នកលក់ឱសថ។
* ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ គឺមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបឱសថក្លែងក្លាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កង្វះនៃកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នពាក់ព័ន្ធជាហេតុនាំឲ្យការអនុវត្តន៍វិធានការបង្រ្កាបឱសថក្លែងក្លាយមិនទទួលបានប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យយកវេទិកាស្តីពីឱសថក្លែងក្លាយ និងអន់គុណភាព ទៅដាក់នៅក្នុងកិច្ចពិភាក្សាថ្នាក់តំបន់ផ្សេងៗទៀត ដូចជាកិច្ចប្រជុំអាស៊ាន ឬកិច្ចប្រជុំមេគង្គ-ឡានឆាងជាដើម។
* សម្តេចតេជោ ហ៊ុន សែន ក៏ចង់យកប្រធានបទស្តីពីឱសថក្លែងក្លាយ និងអន់គុណភាពទៅដាក់ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩៖២៥នាទី៕