(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ទទួលកងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន២៨៩នាក់ ដែលធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិ (UN) នៅប្រទេសអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង។
ពិធីទទួលការនិវត្តន៍របស់កងកម្លាំងរក្សាសន្តិភាពភាពកម្ពុជានេះ ធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា យ៉ាងច្រើនកុះករផងដែរ។
សូមជម្រាបថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលធ្វើមាតុភូមិនិវត្តន៍នេះ មានកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ មកពីប្រទេសអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថ លេខ៦១៨ ចំនួន៧៣នាក់ ពីប្រទេសស៊ូដង់ខាងត្បូង៕