(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។
សន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ត្រូវបានបង្កើតឡើងបន្ទាប់ពីមានការផ្តួចផ្តើមគំនិតរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ឡឺវីត ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយរបស់ប្រទេសបារាំងកាលពីឆ្នាំ២០១៦កន្លងទៅនេះ។ សន្និសីទនេះ នឹងធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ឡាវ មីយ៉ាន់ ថៃ និងវៀតណាម រួមនិងចិន ព្រមទាំងអង្គការអន្តរជាតិចំនួន២០ផ្សេងទៀត។
សន្និសីទនេះធ្វើឡើង ដើម្បីរិះរកនូវយន្តការផ្សេងៗ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ចំពោះការចរាចរណ៍ឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាដ៏បារម្ភមួយសម្រាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ទន្លេមេគង្គដទៃទៀត។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ឱសថក្លែងក្លាយ និងអន់គុណភាព បានបង្កើតជាបញ្ហាសុខភាពសាធារណៈ សម្រាប់បណ្តាប្រទេសនានាលើសកលលោក និងនៅក្នុងតំបន់ ដែលទាមទារនូវការដោះស្រាយរួមគ្នា ដើម្បីទប់ស្កាត់នូវហានិភ័យសុខភាពដល់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រសួងសុខាភិបាលបានសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ រៀបចំសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» នេះឡើងជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងឱសថអន់គុណភាពនៅក្នុងតំបន់ និងនៅក្នុងប្រទេស សំដៅរក្សាសុវត្ថិភាពនៃការប្រើប្រាស់ផលិតផលឱសថជូនប្រជាជន។
លោក ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការជាច្រើន ដើម្បីគ្រប់គ្រង ត្រួតពិនិត្យ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពនៅក្នុងប្រទេសស។ យន្តការទាំងនោះរួមមាន៖
១. បង្កើតច្បាប់ស្តីពីការគ្រប់គ្រងឱសថ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ និងវិសោធនកម្មច្បាប់នេះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៧។
២. ការត្រួតពិនិត្យលើការផលិតក្នុងស្រុក ការនាំចូល និងចែកចាយឱសថ ដោយតម្រូវឲ្យមានការចុះបញ្ជិកាឱសថគ្រប់ប្រភេទទាំងឱសថសម័យនិងបុរាណរួមទាំងឱសថបំប៉នសុខភាពផង ទៅតាមច្បាប់គ្រប់គ្រងឱសថ និងគោលការណ៍អនុវត្តរបស់អាស៊ាន។
៣. ការចុះត្រួតពិនិត្យជាប្រចាំនៅតាមឃ្លាំងឱសថ រោងចក្រផលិតឱសថ ឱសថស្ថាន ឬទីតាំងលក់ផលិតផលឱសថនានា ព្រមទាំងចាត់វិធានការតាមច្បាប់ជាធរមាន។
៤. ការចុះធ្វើការស្រាវជ្រាវ និងវិភាគគុណភាពផលិតផលឱសថលើទីផ្សារជាប្រចាំ ដោយមានកិច្ចសហការជិតស្និទ្ធជាមួយអង្គការអន្តរជាតិដៃគូ។
៥. ការបង្កើតមណ្ឌលព័ត៌មានឱសថកម្ពុជា ដែលជាសមាជិកពេញសិទ្ធិរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអង្គការសុខភាពពិភពលោក ក្នុងការតាមដានសុវត្ថិភាពឱសថ (ADR Monitoring) ដែលមានទីតាំងនៅទីក្រុង UPPSALA នៃប្រទេសស៊ុយអែត ដើម្បីទទួល និងបញ្ជូនព័ត៌មានឱសថដែលត្រូវបានរកឃើញថា មានផលប៉ះពាល់សុខភាព ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
៦. ការបង្រ្កាបកន្លែងផលិត និងស្តុកទុកគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
៧. ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា យើងបានជួបប្រទះនូវការលក់ផលិតផលតាម online ដែលមួយចំនួនជាផលិតផលគ្មានប្រភពច្បាស់លាស់ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ ដែលក្រសួងកំពុងតែខិតខំលុបបំបាត់។
៨. ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាកិច្ចការចាំបាច់ដែលបានអនុវត្ត និងត្រូវធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់នូវការប្រើប្រាស់ផលិតផលឱសថក្លែងក្លាយ និងអន់គុណភាព។
៩. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាព៕