(ភ្នំពេញ)៖ លោក ហ្សង់ ដេវីត ដែលមានអតីតភាពជាទីប្រឹក្សាប្រធានាធិបតីបារាំងកាលពីទសវត្សរ៍ឆ្នាំ៩០ និងជាអ្នកជួយសម្របសម្រួលឲ្យមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១) ដើម្បីបិទបញ្ចប់ភ្លើងសង្គ្រាម និងវិវាទរបស់អ្នកនយោបាយខ្មែរនោះ នៅថ្ងៃនេះបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយក៏បានបង្ហាញពីការភ្ញាក់ផ្អើល និងស្ញប់ស្ញែងចំពោះការរីកចម្រើនរបស់កម្ពុជា។
ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ហ្សង់ ដេវីត បានរំលឹកដល់អនុស្សាវរីយ៍ជូរចត់របស់កម្ពុជាពីអតីតកាល ហើយក៏បានរំលឹកដល់ដំណើរការស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ដែលរូបលោកជាមនុស្សម្នាក់បានដើរតួនាទីសម្របសម្រួលក្នុងកិច្ចចរចានេះផងដែរ។
ក្នុងដំណើរមកជាន់ទឹកដីរាជធានីភ្នំពេញ ២៧ឆ្នាំក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស លោក ហ្សង់ ដេវីត បានបង្ហាញការភ្ញាក់ផ្អើល និងស្ញប់ស្ញែងជាខ្លាំងចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលធ្លាប់តែជាទីក្រុងដ៏ស្ងប់ស្ងាត់ ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល។
លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដកស្រង់សម្តីលោក ហ្សង់ ដេវីត នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន មកបង្ហាញក្រុមអ្នកព័ត៌មានយ៉ាងដូច្នេះ «ឯកឧត្តមបានចេញពីព្រលានយន្តហោះ ហើយបានធ្វើដំណើរតាមដងផ្លូវ ឯកឧត្តមមានការរំភើប ថ្វីដ្បិតថាឯកឧត្តមទើបបានមកកម្ពុជាកាលពីឆ្នាំ២០១៦ តែពីរឆ្នាំចុងក្រោយនេះ ការរីកចម្រើននៅកម្ពុជា គឺមានការភ្ញាក់ផ្អើលទាំងសេដ្ឋកិច្ច ទាំងការកសាងហេដ្ឋរចនាសម្ព័ន្ធជាដើម។ ជាពិសេសគឺចរាចរណ៍ចង្អៀតណែនណាំតាន់តាប់បង្ហាញ ពីជីវភាពរបស់ប្រជាជនកាន់តែសម្បូរណ៍សប្បាយមានលុយទិញឡាន ទិញម៉ូតូជិះ ធ្វើឲ្យស្ទះចរាចរណ៍»។
លោក ហ្សង់ ដេវីត ក៏បានសម្តែងក្តីសប្បាយរីករាយផងដែរ ពេលឃើញកម្ពុជាមានវឌ្ឍនភាព និងបានពង្រឹងនូវសុខសន្តិភាព និងស្ថេរភាព។
ក្នុងជំនួបនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរៀបរាប់ពីអនុស្សាវរីយ៍ចរចាសន្តិភាពនៅកម្ពុជា ដែលលោក ហ្សង់ ដេវីត បានដើរតួសម្របសម្រួល។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោក ដេវីត ដែលបានបន្តការគាំទ្រដល់កម្ពុជា ព្រោះលោកបានដឹងច្បាស់ថាកម្ពុជាចេញពីកន្លែងណា ហើយទៅកន្លែងណា។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៨ នេះ គឺជាខួប២៧ឆ្នាំហើយ នៃកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ដែលជាកិច្ចចរចាមួយបើកផ្លូវឲ្យកម្ពុជាបោះជំហ៊ានមករកសុខសន្តិភាព និងការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨ បន្ទាប់ពីប្រទេសក្នុងតំបន់អាស៊ីមួយនេះ បានជួបវិបត្តិភ្លើងសង្គ្រាមដ៏សែនវេទនាអស់រយៈពេលប្រមាណ ៣ទសវត្សរ៍។ សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជំនួបជាមួយពលរដ្ឋខ្មែរនៅប្រទេសស្វីសកាលពីខែតុលា កន្លងទៅនេះ បានរៀបរាប់យ៉ាងលំអិតលើដំណើរឈានទៅដល់កិច្ចចរចាសន្តិភាពទីក្រុងប៉ារីសនេះ។
សម្តេចតេជោថា សម្តេចព្រះបរមរនតកោដ្ឋ នរោត្តម សីហនុ និងរូបសម្តេចផ្ទាល់ជាតួអង្គដ៏សំខាន់បំផុត ដែលនាំឲ្យមានកិច្ចចរចាសន្តិភាពនេះឡើង៕