(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងយានយន្ដ ឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ នៅកម្ពុជា» សហការរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលដំណើរការបិទការប្រកួត ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ហើយការប្រកាសជ័យលាភី នៃការប្រណាំងយានយន្តនេះ នឹងធ្វើឡើងនៅរាត្រីថ្ងៃដដែលនេះ។
ការបញ្ចប់ការប្រកួតនេះ បន្ទាប់ពីបានដំណើរការប្រណាំងរយៈពេល៣ថ្ងៃ ជាលើកំណាត់ផ្លូវពីភ្នំពេញ និងបន្តប្រកួតដ៏ស្វិតស្វាញនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដោយឆ្លងកាត់តំបន់ឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅក្នុងខេត្តកំពត ដោយឆ្លងកាត់តំបន់ឧទ្យាន ជាតិព្រះមុនីវង្សភ្នំបូកគោ ហើយនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែលមានចម្ងាយផ្លូវសរុបជាង៦៣០គីឡូម៉ែត្រ ហើយក៏ឆ្លងកាត់កំណាត់ផ្លូវលំបាកៗ រួមមានផ្លូវភ្នំ ផ្លូវភក់ ផ្លូវដីក្រហម ផ្លូវខ្សាច់ ផ្លូវមានឧបសគ្គ។
សូមជម្រាបថា ព្រឹត្តិការណ៍នៃការប្រណាំងយានយន្ត ឆ្លងកាត់តំបន់អភិរក្សនេះ មានការចូលរួមប្រកួតពីកីឡាករ កីឡាការិនី មកពី៥ប្រទេស រួមមាន កម្ពុជា ថៃ អូស្ត្រាលី វ៉ែល ស្កត់ឡែន សរុបមានម៉ូតូ១៦គ្រឿង និងរថយន្តចំនួន៩គ្រឿង។ រយៈពេល៤ថ្ងៃកន្លងមកនេះ ដំណើរការប្រណាំងបានប្រព្រឹត្តទៅដោយរលូន និងមិនមានគ្រោះថ្នាក់អ្វីទាំងអស់។
ចំណែកប្រជាពលរដ្ឋរស់នៅតាមសហគមន៍ ជុំវិញតំបន់ការពារធម្មជាតិ និងឧទ្យានជាតិ ដែលមានយាយយន្តឆ្លងកាត់មានការភ្ញាក់ផ្អើល និងសប្បាយរីករាយ ដែលមិននឹកស្មានថា កីឡាប្រណាំងយានយន្តរបៀបនេះ ដែលពួកគាត់ធ្លាប់តែឃើញមាននៅប្រទេសផ្សេង ប៉ុន្តែពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារៈប្រយោជន៍ថា ការប្រណាំងយានយន្ត ដែលទើបនឹងបញ្ចប់នេះ បានចូលរួមផ្សព្វផ្សាយពី សក្តានុពលធនធានធម្មជាតិដែលកម្ពុជាមានឲ្យប្រជាពលរដ្ឋបានដឹង ចូលរួមពង្រឹងការផ្សព្វផ្សាយពី ការអនុវត្តច្បាប់ និងផ្សព្វផ្សាយពីភាពសម្បូណ៌បែប នៃធនធានធម្មជាតិ ព្រៃឈើ និងជីវៈចម្រុះគ្រប់ប្រភេទដែលប្រទេសកម្ពុជាមាន និងជំរុញឱ្យមានការចូលរួមរបស់សាធារណៈជនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងចូលរួមការពារបរិស្ថានឱ្យមាននិរន្តរភាព។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ជឿជាក់ថា តាមរយៈការផ្សព្វផ្សាយពីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យពលរដ្ឋបានដឹងពី សក្តានុពលទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅជុំវិញតំបន់ការពារធម្មជាតិ ការបង្ហាញពីទេសភាពស្រស់បំព្រងនៃព្រៃព្រឹក្សា ស្រែចម្ការ និងជីវៈចម្រុះគ្រប់ប្រភេទ។
បច្ចុប្បន្ននេះប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមាន តំបន់ការពារធម្មជាតិ ចំនួន៥២ និងរបៀងអភិរក្សជីវៈចម្រុះ៣ (ឦសាន្ត ឧត្តរ និងជួរភ្នំក្រវាញ) មានផ្ទៃដី សរុបទំហំប្រមាណ ៧,២៣៩,៩២០ហិកតា ស្ថិតនៅក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា គូសបញ្ជាក់ថា ព្រឹត្តិការណ៍របៀបនេះ នឹងត្រូវសហការរៀបចំបន្តទៀត ជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា ដើម្បីផ្សព្វផ្សាយពីតំបន់ការពារធម្មជាតិរបស់កម្ពុជា ដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាជននៅលើពិភពលោក ដើម្បីឱ្យពួកគាត់បានដឹងពីភាពសម្បូណ៌បែប នៃធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា និងរួមគ្នាអភិរក្សឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕