(កំពង់ធំ)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ទូក-ង ទូកផ្កាចា និងទូកមួងឆ្នាំ២០១៨ នៅដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងពិធីនេះក៏មានការចូលរួមពីលោក លោកស្រី សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងលោក លោកស្រី ក្រុមការងារថ្នាក់ជាតិ លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការសង្គមស៊ីវិល សប្បុរសជន ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបការប្រណាំងទូកនេះ មានទូកចូលរួមប្រណាំង ចំនួនសរុប៤១ទូក ក្នុងនោះប្រភេទទូកវែង ចំនួន៦ទូក, ទូកមួងបុរស ចំនួន២ទូក, ទូកខ្នាតអន្តរជាតិ ចំនួន១៧ទូក និងទូកផ្កាចារចំនួន១៧ទូក និងកីឡាករសរុប ចំនួន១,២៨៦នាក់ (កម្លាំងអុំចំនួន១,០២៤នាក់ ត្រៀមចំនួន២៦២នាក់) ដែលមកពី៥ស្រុក ក្នុងខេត្កំពង់ធំ ដើម្បីសម្រិតសម្រាំងជ្រើសរើសទូកដែលមានលក្ខណៈសម្បត្តិល្អ ទៅចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងចូលមកដល់ថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង។
ជាលទ្ធផលនៃការអុំរយៈពេលពីរថ្ងៃឃើញថា ទូកជាប់ចំណាត់ថា្នក់១ មានចំនួន៨ទូក ប្រភេទខ្នាតវែង មានចំនួន១ទូក គឺឈ្មោះ សែនសិរីមានជ័យ ប្រភេទខ្នាតអន្តរជាតិ មានចំនួន២ទូក គឺទូកបុទមសុវណ្ណរតនៈគង្គារសែនជ័យ និងទូកសាលវ័ន្តទន្សាយហោះសែនជ័យ ប្រភេទទូកមួង មានចំនួន១ទូក គឺទូកឈ្មោះ ច័ន្ទមុនីគរគីមានជ័យ ប្រភេទទូកផ្កាចារ មានចំនួន៤ទូក គឺទូកបុផ្ផាស្ទឹងសែនកំពង់ធំ ទូកបុផ្ផាក្បាលកោះសម្រស់តេជោ ទូកសុវណ្ណគង្គា និងទូកសន្តិសុខសែនជ័យ។
ប្រភេទលេខ២ មានចំនួន៧ទូក ក្នុងនោះទូកខ្នាតវែង មានចំនួន១ទូក ទូកខ្នាតអន្តរជាតិមាន៣ទូក ទូកមួងមាន១ទូក និងទូកផ្កាចារមាន៣ទូក និងប្រភេទលេខ៣ មានចំនួន៧ទូក ក្នុងនោះទូកខ្នាតវែងមាន១ទូក ទូកខ្នាតអន្តរជាតិមាន៣ទូក និងទូកផ្កាចារមាន៣ទូក។
ថ្លែងក្នុងឱកាសនោះ លោក ងួន ញ៉ិល បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូកមានអត្ថន័យដ៏ធំធេងចំពោះប្រជាជនខ្មែរ ដែលធ្វើឡើងក្នុងគោលបំណង រំលឹកដល់វីរភាព និងជ័យជម្នះនៃកងទ័ពជើងទឹកខ្មែរ នាសម័យមហានគរលើខ្មាំងសត្រូវ បរទេសឈ្លានពានដែលមានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិក នៃប្រាសាទអង្គ ហើយត្រូវបានព្រះមហាក្សត្រ និងប្រជារាស្ដ្រខ្មែរប្រារព្ធធ្វើឡើង យ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ។
លោក ងួន ញ៉ិល បានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញមានឯកភាពជាតិ និងការអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យនេះហើយ ទើបយើងមានឱកាសបានធ្វើបុណ្យធ្វើទាន ជាពិសេសប្រារព្ធពិធីបុណ្យផ្សេងៗ ដូចជាពិធីប្រណាំងទូក ដែលបានរៀបចំនៅដងស្ទឹងសែន ក្រុងស្ទឹងសែន ក្នុងខេត្តកំពង់ធំ ធ្វើឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយ និងបានដើរលេងកម្សាន្តទាំងនេះ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស៕