(ក្រចេះ)៖ អង្គកឋិនទានដែលផ្តួចផ្តើមដោយ លោកឧត្ដមសេនីយ៍ឯក ឈួន ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងអាកាស និងជាសមាជិកគណកម្មាធិការកណ្ដាល​គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ​ចុះជួយខេត្តក្រចេះ និងអនុប្រធានក្រុមការងារចុះជួយ​ស្រុកព្រែកប្រសព្វ​ បានដង្ហែទៅកាន់វត្តពោធិ ហាន់ជ័យ និង​វត្តសាលាវេទី ​នៅ​ស្រុកឆ្លូង ខេត្តក្រចេះ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយប្រមូលបច្ច័យសម្រាប់កសាងសមទ្ធិផលនានា​ក្នុងវត្ត បាន​ចំនួន៨០លានរៀល និងសម្ភារផ្សេងៗជាច្រើនទៀត។

លោក ឈួន ថាវរិន្ទ បានលើកឡើងពីអត្ថន័យបុណ្យកឋិនថា ហេតុដែលនាំឲ្យមានបុណ្យនេះ គឺមាន៣​យ៉ាង ទី១៖ មានសេចក្ដីសធាជ្រះថ្លាជឿព្រះពុទ្ធព្រះធម៌ ព្រះសង, ទី២៖ធ្វើឲ្យមានសេចក្ដីសង្វេកតុកស្លុក និង​ទី៣៖ស្អាតស្អំដោយកាយវិការចិត្ត មិនធ្វើអំពើបាប មិនកាប់សម្លាប់មិនលួច មិនប្លន់ មិនចេះភរកុហក បោកប្រាស់គេ មិនចងគំនុំ។

ពិធីបុណ្យកឋិនជាពីបុណ្យមួយចាប់ផ្ដើម ធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងតែដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវ​បាន​ខក​ខាន​ឡើយ ​ដូច្នេះ​គេតែងតែឃើញ ក្បួន​កឋិន​ទាន​តែង​បាន​ដង្ហែ​ទៅ​កាន់​ទី​អារាម​រៀងៗ ខ្លួនចាប់ពីថ្ងៃទី១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកក្តិក ហើយបើទីអារាមណាមួយ មិន​មាន​កឋិន​ណាមួយហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។

ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយទេយ្យទានផ្សេងៗទៀត ដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ បើវត្ត នៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់៕