(ឧត្តរមានជ័យ)៖ ថ្លែងចេញពីខេត្តឧត្ដរមានជ័យ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ស្មារតីជាតិនិយមរបស់សម្តេចតេជោ ហ៊ុន សែន គឺអត់លុតជង្គង់ចំពោះបរទេសទេ ព្រោះកម្ពុជាកសាងប្រទេសដោយខ្លួនឯង ហើយថ្នាក់ដឹកនាំប្រទេស ធ្វើអ្វីក៏ដើម្បីប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងកសាងសមិទ្ធផលរួមមាន សាលារៀន ផ្លូវ ថ្នល់ និងសមិទ្ធផលនានាជាច្រើនទៀត យើងស្វែងរកទីផ្សារ សម្រាប់កសិផលរបស់ប្រជាពលរដ្ឋ យើងបង្កើតឱកាសការងារជាច្រើនក៏ដោយសារខ្មែរ បង្កើតការងារឲ្យកូនចៅប្រជាពលរដ្ឋរាប់ម៉ឺន រាប់សែននាក់ ដោយសារខ្មែរ គឺសម្តេចតេជោ ហ៊ុន សែន មិនមែនដោយសារបរទេសនោះទេ ខុសពីអ្នកនយោបាយខ្លះទៅពឹងបរទេសឲ្យមកធ្វើបាបខ្មែរ។
ការថ្លែងរបស់លោក ហ៊ុន ម៉ានណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសតំណាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ សាលាសង្ឃភត្ត និងសមិទ្ធផលនានាក្នុងវត្តជ័យរុក្ខារាម ហៅវត្តថ្លាត ស្ថិតក្នុងភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ថ្នាក់ដឹកនាំរបស់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ធ្វើអ្វីៗដើម្បីខ្មែរ ដើម្បីបុព្វហេតុជាតិ កងកម្លាំងប្រដាប់អាវុធ ខិតខំពង្រឹងសន្តិសុខ ការពារសុខសន្តិភាព មន្រ្តីរាជការត្រូវបានដំឡើងប្រាក់បៀវត្សដើម្បីលើកស្ទួយកម្រិតជីវភាព ដូច្នេះលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមកសាងក្នុងការពង្រឹងវិស័យសាសនា។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ដែលបានគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះថាលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋបានបោះឆ្នោតត្រូវ គឺមានថ្នាក់ដឹកនាំដែលទទួលខុសត្រូវ គិតគូរពីប្រជាជន ធ្វើបុណ្យជាមួយប្រជាជន ខិតខំប្រឹងប្រែង ធ្វើអំពើល្អជួយប្រជាជនឲ្យមានភាពកក់ក្តៅ និងខិតខំកែលម្អធ្វើយ៉ាងណា ឲ្យមានលំនឹងសុខសន្តិភាព។
ជាក់ស្តែងការជុំជួបគ្នាថ្ងៃនេះ គឺមានភាពសប្បាយរីករាយ ជាមួយគ្នាក្នុងការសម្ពោធសមិទ្ធផលថ្មីៗ ហើយប្រសិនបើប្រជាពលរដ្ឋ បោះឆ្នោតខុស ប្រទេសជាតិ នឹងក្រឡាប់ចាក់ ដូចដែលធ្លាប់បានជួបប្រទះនៅក្នុងអតីតកាល ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋនឹងនៅបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍរីកចម្រើន សម្រាប់កូនចៅជំនាន់ក្រោយទៀត។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះព្រះតេជគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ សប្បុរសជន ដែលបានចូលរួមចែករំលែក កសាងសមិទ្ធផលទាំងអស់នេះ។ បើមិនមានការចូលរួមប្រហែលជាមិនអាចកសាងសមិទ្ធផលទាំងនេះបានទេ បើមិនមានការចូលរួម ក៏មិនអាចកសាង បានលឿនបែបនេះដែរ ដូច្នេះសម្ពោធសមិទ្ធផលដើម្បីអបអរនូវអ្វីដែលយើងបានធ្វើរួមគ្នា ដើម្បីប្រជាពលរដ្ឋនៅទីនេះ នៅថ្ងៃនេះ ក៏ដូចជាទៅថ្ងៃអនាគត៕