(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី និងជាអតីតមេនាំជាន់ខ្ពស់ម្នាក់ របស់អតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា អ្នកដែលបារម្ភរឿងអឺរ៉ុបដកប្រព័ន្ធ អនុគ្រោះពន្ធ EBA ពីកម្ពុជានោះ ជាក្រុមបំពុលសង្គម និងបំភិតបំភ័យដល់កម្មករ ព្រោះថាសេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះកើនឡើង ហើយធុរកិច្ចជនបរទេស នឹងបន្ដរកស៊ីនៅកម្ពុជា ហើយប្រទេសក្នុងសហគមន៍អឺរ៉ុប ក៏បានបង្ហាញជំហរខុសៗគ្នាចំពោះកម្ពុជា។ ក្រៅពីថ្លែងអំពី EBA លោកបានលើកឡើងថា ការបោះឆ្នោតគឺបានធ្វើឡើងយ៉ាងពិតប្រាកដ មិនក្លែងក្លាយដូចក្រុមប្រឆាំងចោទនោះឡើយ។
លោក គង់ គាំ ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៊ី បានគូសបញ្ជាក់ថា ប្រសិនបើមានការអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជាមែននោះ ក៏មិនមែនអ្វីខុសនោះដែរ ពោលដោយសារតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះ សម្រាប់តែប្រទេសមិនទាន់សេដ្ឋកិច្ចរីកចម្រើនតែប៉ុណ្ណោះ ហើយកម្ពុជាបច្ចុប្បន្នកម្ពុជា កំពុងតែមានសេដ្ឋកិច្ចកើនឡើង។
អតីតមេដឹកនាំគណបក្សប្រឆាំងមួយនេះ បានថ្លែងយ៉ាងដូច្នេះថា «អំពីបញ្ហាដកការអនុគ្រោះពន្ធអី ពីសហភាពអឺរ៉ុបនេះក៏យើងប្រាកដហើយថា វាមានមតិជាតិ និងអន្ដរជាតិ [...] ដូច្នេះខ្ញុំមើលទៅមិនដូច អ្នកចង់បំពុល ឬថាក៏ចង់បំភ័យដល់ជាតិ ដល់កម្មករ គួរឲ្យព្រួយបារម្ភខ្លាំងនោះទេ ព្រោះថាប្រទេសយើង នៅតែគេវាយតម្លៃថា នឹងមានកំណើតសេដ្ឋកិច្ចជាធម្មតាតទៅទៀត ដូច្នេះបើសិនជាសេដ្ឋកិច្ចមានកំណើន ហើយជាការអនុគ្រោះពន្ធនេះ សម្រាប់តែប្រទេសដែលទន់ខ្សោយនោះទេ បើសិនជាយើងចេះតែរីកចម្រើនគេ លែងអនុគ្រោះពន្ធវាជារឿងធម្មតា»។
ការថ្លែងអះអាងរបស់លោក គង់ គាំ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុវាយោ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ហាក់ដូចជាវាយប្រហារធ្ងន់ៗ ទៅលើក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងតែបំផុសបំផុលរឿងអឺរ៉ុប ដែលកំពុងពិចារណាដើម្បីផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។
ក្រៅពីថ្លែងអំពី EBA លោក គង់ គាំ បានលើកឡើងថា ការបោះឆ្នោតគឺបានធ្វើឡើងយ៉ាងពិតប្រាកដ មិនក្លែងក្លាយដូចក្រុមប្រឆាំងចោទនោះឡើយ។
ប៉ុន្ដែសម្រាប់ការពិចារណាក្នុងការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវបានប្រធានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗចំនួន៥ស្ថាប័ន នៅទ្វីបអឺរ៉ុបដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំនៅកម្ពុជា (CCIFC), ក្រុមធុរកិច្ចអាល្លឺម៉ងប្រចាំនៅកម្ពុជា (ADW), សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា (NordCham), សមាគមធុរកិច្ចអ៉ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឲ្យប្រទេសធំៗចំនួន៩ ប្រទេសនៅអឺរ៉ុប បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជា។
លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ តំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរ អំពីដំណើរការឆ្ពោះ ទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប «អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ» (EBAs) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះ អាចបង្កឲ្យមានផលប៉ះពាល់ដល់ប្រយោជន៍ផ្នែកពាណិជ្ជកម្មយូរអង្វែងរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា៕