(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ អតីតសិស្សសាលាបាក់ទូកនាឆ្នាំ៨០មួយក្រុម រួមជាមួយអតីតគ្រូគណិតវិទ្យាដ៏ល្បីមួយរូបប្រចាំ សាលាបាក់ទូកក្នុងអតីតកាល គឺលោកគ្រូ គុំ ពិន បាននាំយកថវិកា៣,៤០០ដុល្លារ ជាមួយគ្រឿងឧបភោគមួយចំនួន ទៅប្រគល់ជូន និងសួរសុខទុក្ខ អតីតលោកគ្រូ សាលាបាក់ទូកពីររូប គឺលោកគ្រូ សេន សុន្ទរា អតីតគ្រូខ្មែរ និងលោកគ្រូ គឹម សារី អតីតគ្រូភូមិវិទ្យា ដែលបានចូលនិវត្តន៍ និងឋិតក្នុងវ័យចាស់ជរា សម្រាកនៅផ្ទះ។
ចំពោះការយកចិត្តទុកដាក់ប្រកបដោយការគោរពដឹងគុណ របស់អតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ ចំពោះអតីតលោកគ្រូអ្នកគ្រូគ្រប់គ្នារបស់ពួកគេ គឺបានធ្វើមកជាហូរហែរ អស់រយៈពេលជិតពីរឆ្នាំមកហើយ បន្ទាប់ពីសិស្សទាំងនេះ បានស្វះស្វែងរកគ្នាចងក្រងជាក្រុមក្នុងប្រព័ន្ធ WhatsApp តាមរយៈមិត្តភក្តិស្គាល់តៗគ្នា ក្រោមការផ្តួចផ្តើមគំនិតរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ រហូតអាចរកឃើញគ្នា មកពីគ្រប់ទិសទីជុំវិញពិភពលោក បានដល់ទៅជិត៣០០នាក់។
រយៈពេលជិត២ឆ្នាំមកនេះ អតីតសិស្សសាលាបាក់ទូកមួយក្រុមខាងលើក៏ដូចជា អតីតលោកគ្រូអ្នកគ្រូចាស់ៗ តែងតែបានជួបគ្នា រំលឹកនូវអនុស្សាវរីយ៍កាល រៀនជាមួយគ្នានាទសវត្សទី៨០ តាមដានពីសុខទុក្ខគ្នាទៅវិញទៅមក រឹតចំណងមិត្តភាពកាន់តែស្និតស្នាល និងបានរួបរួមសាមគ្គីជួយគ្នា ពេលដែលមានមិត្ត ឬគ្រូណាម្នាក់ជួបការលំបាក មានជំងឺ ឬជួបអាសន្ន តាមរយៈការតាមដានសុខទុក្ខ និងឧបត្ថម្ភ សម្ភារ ថវិកា ជូនដល់ពួកគាត់ជាបន្តបន្ទាប់ ព្រមទាំងបានរួមគ្នា បរិច្ចាគធនធាន ផ្ទាល់ខ្លួនចូលរួមកសាងសមិទ្ធផលជាច្រើនក្នុងសាលាបាក់ទូក សរុបជាថវិកាដែលសិស្សទាំងនេះ បរិច្ចាគរួមជួយគ្នាជិត០២ឆ្នាំ មកនេះប្រហែលជាង១០ម៉ឺនដុល្លារ។
ឋិតក្នុងបរិយាកាសរំភើបត្រេតអរ ចំពោះទឹកចិត្តសិស្សទាំងឡាយ លោកគ្រូវ័យចំណាស់ទាំង២រូប បានរំលឹកអំពីភាពជូរចត់ក្នុង សម័យខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះ គឺវេទនាខ្លាំងណាស់ ម្នាក់ៗមិនមានសេរីភាព សូម្បីតែលើកដៃ បន់ព្រះសំពះទេវតា ប្រាថ្នាសុំត្រឹមតែ ហូបឆ្អែតមួយពេលក៏មិនបានផង រីឯទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សាសនា ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងមរត៌កផ្សេងៗទៀតរបស់កម្ពុជា ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។
នឹកដល់សម័យដ៏ខ្មៅងងឹតនោះ ម្នាក់ៗសឹងតែមិនជឿថា អាចរស់រៀន មានជីវិតបានឃើញពីការរីកចម្រើន របស់ប្រជាជាតិខ្មែរ និងបានរស់នៅសុខដុមរមនា ជួបជុំគ្រួសារ ជួបជុំមិត្តភក្តិ ដូចសព្វថ្ងៃនេះឡើយ។
លោកព្រឹទ្ធាចារ្យទាំងពីរបានសម្តែង ការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់ នៃថ្ងៃរំដោះ៧មករា ដែលនាំដឹកនាំដោយឥស្សរជនសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជារួចផុតពីរបបខ្មៅងងឹត ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេស៍ដ៏ឆ្នើមក្នុងការនាំយក សុខសន្តិភាពពេញលេញ ជាមួយការអភិវឌ្ឍន៍រីកចម្រើនមកជូនកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ដ៏មហិមាចារជាប្រវត្តិសាស្ត្រ ដែលមិនមានជនណាអាចបំភ្លៃបាន។
លោកព្រឹទ្ធាចារ្យទាំង២រូប ក៏បានផ្តាំផ្ញើដល់សិស្សទាំងឡាយ សូមឲ្យខំប្រឹងប្រែង ចូលរួមថែរក្សាសន្តិភាពដែលប្រទេសជាតិយើង កំពុងមាននិងរកបានដោយលំបាកនេះ ឲ្យឋិតថេរគង់វង្សជានិច្ចនិរន្តរ៍តទៅ៕