(ឧត្តរមានជ័យ)៖ គណៈប្រតិភូរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចុះសាកសួរសុខទុក្ខ និងបានយកថវិកា គ្រឿងឧបភោគ បរិភោគ ទៅជូននាយទាហាន នាយទាហានរង ពលទាហាន កងពលតូចអន្តរាគមន៍លេខ៦ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
គណៈប្រតិភូដឹកនាំដោយ លោក កៅ សុខអាន អភិបាលរងខេត្តតំណាងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្ដ្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក កៅ សុខអាន បានលើកឡើងងថា ការចូលរួមឧបត្ថម្ភគាំទ្រសម្ភារៈទៅដល់សមរភូមិមុខនេះ គឺជាការជួយជំរុញផ្តល់ការលើទឹកចិត្តយ៉ាងសំខាន់ណាស់ ដល់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារនូវបូរណភាពទឹកដីមាតុភូមិកម្ពុជា ដែលជាសក្ខីភាពមួយ បង្ហាញអំពីការរួមរួមសាមគ្គីគ្នានាំមកនូវជោគជ័យ។
ជាមួយគ្នានេះ មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៦ ក៏បានលើកឡើងថា កន្លងមកនាយទាហាន នាយទាហារង និងពលទាហានទាំងអស់ បានខិតខំប្រឹងប្រែងពុះពារគ្រប់ការលំបាក នៅក្នុងការចូលរួមការពារនូវបូរណភាពដែនដី និងចូលរួមចំណែកជួយការពារនូវសន្តិសុខ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ធំៗជាដើម៕