(ព្រះសីហនុ)៖ អគ្គិភ័យឆេះនៅមុខផ្សារលើ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ហើយករណីនេះមិនមែនឆេះផ្ទះឡើយ គឺឆេះតូបលក់សាំងនៅតាមផ្លូវ រួចបន្ដរាលដាលទៅឆេះរថយន្ដដែលនៅក្បែរនោះ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ដំបូងឡើយអគ្គិភ័យនេះផ្ដើមចេញពីឆេះនៅតូបលក់សាំង ​ដោយមានរ៉ឺម៉ក់មួយគ្រឿង បានចូលទៅចាក់ប្រេង ដោយម្ចាស់ម៉ូតូបានជក់បារីនាំឲ្យឆាប ទើបបង្កជាអគ្គិភ័យ រួចប្រេងបានហូរមកតាមផ្លូវ បន្ដឆេះរាលដាលលើរថយន្ដដែល​ចតនៅមុខផ្សារ ចម្ងាយពីតូបលក់ប្រេងប្រមាណ៥០-៦០ម៉ែត្រ និងប៉ុស្ដិ៍ប្រែសណីយ៍ ដែលនៅក្បែរនោះតែម្ដង។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោយមានកិច្ចអន្ដរាគមន៍ពីកម្លាំងសមត្ថកិច្ច សហការជាមួយក្រុម៧១១ ដែលប្រចាំការនៅសាលាសង្គ្រោះមិត្តភាព កម្ពុជា-ជប៉ុន អគ្គិភ័យនេះបានរលត់ទៅវិញទាំងស្រុង ដោយបានបំផ្លាញរថយន្ដអស់ចំនួន៤គ្រឿង និងរ៉ឺម៉ក់កង់បីមួយផងដែរ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ អគ្គិភ័យនេះមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

ជុំវិញករណីគ្រោះអគ្គិភ័យនេះ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ស្រាវជ្រាវចំពោះម្ចាស់ទីតាំងដែលបើកអាជីវកម្មលក់ប្រេង ដើម្បីឲ្យទទួលខុសច្បាប់ចំពោះមុខច្បាប់ តែម្ចាស់ទីតាំងនេះបានរត់គេចខ្លួនភ្លាមៗក្រោយកើតហេតុ៕