(ភ្នំពេញ)៖ មន្ដ្រីនគរបាលម្នាក់បម្រើការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលពីមុនមានតួនាទីជានាយរងការិយាល័យ គ្រប់គ្រងជនបរទេស ត្រូវបានតម្លើងតួនាទីជាប្រធានការិយាល័យ បើទោះបីមន្ដ្រីនគរបាលរូបនេះ ត្រូវបានរងការពិន័យ និងព្រមានជាលាយល័ក្ខអក្សរ ពីអតីតស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏ដោយនោះ។
មន្ដ្រីនគរបាលរូបនេះ គឺលោកវរសេនីយ៍ ឃ្លោក ជុនផេង អត្ដលេខ ៥៩៦៧៩ ត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ចេញលិខិតបង្គាប់ការអនុវត្តវិន័យ ដោយរូបភាពព្រមានលើកទី១ និងជាលើកចុងក្រោយ ដោយសារតែធ្វេងប្រហែសក្នុងការចាត់តាំងអនុវត្តភារកិច្ច ទុកចិត្តមន្ដ្រីថ្នាក់ក្រោម ដោយគ្មានការពិចារណា។
ប៉ុន្ដែមិនទាន់ដល់មួយខែផង ពោលនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ លោក ឃ្លោក ជុនផេង ត្រូវបានតែងតាំងជានាយការិយាល័យគ្រប់គ្រងសន្ដិសុខឯកជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៅវិញ។
ចំពោះការតែងតាំងមន្ដ្រីនគរបាលដែលធ្លាប់រងការដាក់ពិន័យយ៉ាងដូច្នេះ ក៏ទទួលបាននូវការរិះគន់មួយចំនួន ពីសំណាក់មន្ដ្រីនគរបាលនៅក្នុងអង្គភាព មិនគួរណាយកមន្ដ្រីនគរបាលដែលមានឈ្មោះមិនសូវល្អ មកធ្វើជាប្រធានអង្គភាពនោះឡើយ៕