(ស្វាយរៀង)៖ អង្គកឋិនទានដែលផ្តួចផ្តើមដោយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានដង្ហែទៅកាន់វត្តជម្ពូព្រឹក្សា (ហៅវត្តថ្មី) នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយប្រមូលបច្ច័យសម្រាប់កសាងសមទ្ធិផលនានា ក្នុងវត្តបានចំនួន២៨៥លានរៀល។
អង្គកឋិនទាននេះតំណាងដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី ពៅ សុភាព អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងមន្ត្រីរាជការជុំវិញខេត្ត ចូលរួមយ៉ាងច្រើនកុះករ ផងដែរ។
បុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើម ធ្វើបន្ទាប់ពីបុណ្យចេញវស្សាបុណ្យកឋិន តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយ ដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកក្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះ ក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។
ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយទេយ្យទានផ្សេងៗទៀត ដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ បើវត្ត នៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់៕